អាមេរិកបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩បន្ថែមទៀត ជុំវិញករណីដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់ទៅចិន
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ៩បន្ថែមទៀត ជុំវិញករណីដឹកជញ្ជូនប្រេងចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែឧសភា។ នៅក្នុងការដាក់ទណ្ឌកម្មថ្មីនេះក៏មានបញ្ជូលទាំងមនុស្សដែលមានការពាក់ព័ន្ធចំនួន ៣នាក់ផងដែរ ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុនប្រេងទាំង ៩ខាងលើនេះ គឺមានក្រុមហ៊ុនចំនួន ៤មានមូលដ្ឋានៅក្នុងទីក្រុងហុងកុង ក្រុមហ៊ុនចំនួន ៤មានមូលដ្ឋានៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមួយក្រុមហ៊ុនទៀតមានមូលដ្ឋានៅក្នុងប្រទេសអូម៉ង់។ គួរកត់សម្គាល់ថា ការប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសចិននៅពេលនេះ ត្រូវធ្វើឡើងមុនពេលលោក ដូណាល់ ត្រាំ ត្រូវអញ្ជើញទៅធ្វើទសន្សកិច្ចក្នុងប្រទេសចិនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលគឺតាមគម្រោងប្រធានាធិបតីអាមេរិកនឹងត្រូវទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភានេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia