វៀតណាមនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ២០ លានដូសក្នុងឆ្នាំនេះ
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន VN Express បានឲ្យដឹងថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sputnik V របស់ប្រទេសរុស្ស៊ីចំនួន ២០ លានដូសនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលការទទួលបានវ៉ាក់សាំងនេះគឺជាលទ្ធផលនៃកិច្ចចរចារវាងក្រសួងសុខាភិបាលវៀតណាមជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។ បើតាមលោក Nguyen Thanh Lon ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា កិច្ចសន្យាទិញវ៉ាក់សាំង Sputnik V ទាំង ២០ លានដូសនេះត្រូវបានរៀបចំរួចរាល់អស់ហើយ ដោយវ៉ាក់សាំងនឹងត្រូវបញ្ជូនមកកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។

ប្រភពខាងលើបានបន្តថា ក្រៅតែទិញវ៉ាក់សាំងរុស្ស៊ី វៀតណាមក៏បានបញ្ជាទិញវ៉ាក់សាំងពីបណ្តាក្រុមហ៊ុនធំៗជាច្រើនទៀតផងដែរ ក្រុមហ៊ុន Pfizer, Moderna, Johnson&Johnson និង AstraZeneca ជាដើម។ តាមគម្រោងវៀតណាមនឹងទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោកចំនួន ៣៨,៩ លានដូស, វ៉ាក់សាំង Pfizer ចំនួន ៣១ លានដូស និងវ៉ាក់សាំង AstraZeneca ចំនួន ៣០ លានដូស ខណៈនៅក្នុងឆ្នាំនេះវៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ១៥០ លានដូសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឬស្មើនឹង ៧៥% នៃចំនួនពលរដ្ឋសរុប៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express