ម្សិលមិញនេះ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដរហូតដល់ ១១,០៧៩នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៣ ខែ កក្កដា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ១១,០៧៩នាក់។ នេះគឺជាលើកទី ១ ហើយ ដែលតួលេខអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានឡើងដល់ ៥ខ្ទង់ដូចនេះ ហើយវាក៏ជាការកើនឡើងយ៉ាងគំហុកបំផុតផងដែរបើគិតត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រភពខាងលើបាបបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ ទាំងអស់នេះក៏មានករណីនាំចូលចំនួន ២៧ នាក់ផងដែរ ខណៈអ្នកឆ្លងទូទៅគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ Klang Valley មាន ៥,២៦៣នាក់ និងបន្ទាប់មកនៅក្នុងទីក្រុង Kuala Lumpur មាន ១,៥២១ នាក់ ហើយក្រៅពីនេះករណីឆ្លងត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេសម៉ាឡេស៊ី។ ក្រៅតែពីមានអ្នកឆ្លងថ្មី អាជ្ញាធរម៉ាឡេស៊ីក៏បានប្រកាសពីការរកឃើញមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១២៥ នាក់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៨៥ម៉ឺននាក់ និងស្លាប់សរុបជាង ៦ពាន់នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia