អន្តរជាតិ

ទីក្រុងហាណូយរបស់វៀតណាមនឹងពង្រីកការរឹតត្បិតរយៈពេល ២ សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩

BY
autoadmin
August 6, 2021

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋធានីហាណូយនឹងពង្រីកការរឹតត្បិតទប់ស្កាត់ការឆ្លងជំងឺ COVID-19 រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដោយសារតែការផ្ទុះឡើងថ្មីៗរបស់ជំងឺ COVID-19 នៅក្នុងទីក្រុងដែលមានពលរដ្ឋប្រមាណ ៨ លាននាក់មួយនេះ។ ទីក្រុងហាណូយក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បានបញ្ជាឱ្យប្រជាជននៅផ្ទះ និងបញ្ឈប់រាល់សកម្មភាពមិនចាំបាច់ ប៉ុន្តែការកើនឡើងនៃការឆ្លងថ្មីៗ បានជំរុញឱ្យទីក្រុងត្រូវពង្រីកការទប់ស្កាត់ដែលកំពុងមានស្រាប់ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍នេះ។

ទិន្នន័យផ្លូវការបានបង្ហាញថា ទីក្រុងនេះបានរាយការណ៍ពីករណីថ្មីចំនួន ២១ ករណី នៅថ្ងៃសុក្រនេះ ហើយបានកត់ត្រាករណីជិត ១,៦០០ ករណី ចាប់តាំងពីចុងខែមេសា។ ខណៈពេលដែលចំនួននៅតែមានកម្រិតទាប អាជ្ញាធរបានបង្កើនការប្រុងប្រយ័ត្នជាងមុនលើវ៉ារ្យ៉ង់ Delta ដែលវ៉ារ្យ៉ង់នេះបានធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 ច្រើនជាង ១៨៩,០០០ ករណី គិតមកទល់នឹងពេលនេះ។ ចំណែកឯនៅទូទាំងប្រទេសវិញ ប្រហែលមួយភាគបីនៃទីក្រុងនិងខេត្តចំនួន ៦៣ របស់ខ្លួន បានស្ថិតនៅក្រោមការទប់ស្កាត់ដ៏តឹងរ៉ឹង ខណៈដែលប្រទេសនេះកំពុងតស៊ូប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយនឹងរលកទី៤ ដែលជាការឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: