អង្គការសុខភាពពិភពលោកប្រកាសពីករណីដំបូងនៃវីរុស Marburg ដែលបានបង្ហាញខ្លួននៅឯប្រទេសហ្គីណេ
- BY
- autoadmin
- August 10, 2021
អាជ្ញាធរសុខាភិបាលរបស់ប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋខ្លួនម្នាក់ ដែលបានឆ្លងវីរុស Marburg ដែលជាវីរុសបង្ករជំងឺគ្រុនឈាមធ្ងន់ធ្ងរម្យ៉ាង (hemorrhagic fever) ស្រដៀងនឹងវីរុសអេបូឡាដែរ នេះបើតាមការប្រកាសដោយអង្គការសុខភាពពិភពលោក។ វាជាលើកទីមួយហើយដែលវីរុសដ៏សាហាវនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅតំបន់អាហ្វ្រិកខាងលិច ខណៈចាប់តាំងពីឆ្នាំ១៩៦៧ មកទល់នឹងបច្ចុប្បន្ននេះ គឺមានការផ្ទុះឡើងចំនួន ១២ ករណីធំៗ ដែលភាគច្រើនត្រូវបានកត់ត្រានៅអាហ្វ្រិកខាងត្បូង និងខាងកើត។

ប្រទេសហ្គីណេបានរកឃើញករណីដំបូងនៃវីរុស Marburg កាលពីសប្ដាហ៍មុន ពោលគឺក្រោយ ២ខែ បន្ទាប់ពីប្រទេសនេះទើបតែបានប្រកាសខ្លួនថា បានរួចផុតពីការឆ្លងរាតត្បាតនៃវីរុសអេបូឡា ដែលបានវាយប្រហារចាប់តាំងពីដើមឆ្នាំ ហើយបានសម្លាប់ពលរដ្ឋខ្លួនអស់ប្រមាណ ១២ នាក់។ អ្នកឆ្លងវីរុស Marburg ម្នាក់នោះបានធ្លាក់ខ្លួនឈឺ និងបានស្វែងរកការព្យាបាលនៅគ្លីនិកក្នុងស្រុកដែរ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់មិនអាចតស៊ូទៀតបាន ហើយក្រោយមកទើបមន្ទីរពិសោធន៍បានរកឃើញថា គាត់បានឆ្លងវីរុស Marburg នេះ។
អង្គការសុខភាពពិភពលោកបាននិយាយថា អត្រាមរណភាពរបស់ Marburg មានការប្រែប្រួលពី ២៤% ទៅ ៨៨% នៅក្នុងការផ្ទុះឡើងកន្លងមក អាស្រ័យលើសំពាធរបស់វីរុស និងការគ្រប់គ្រងលើករណី។ ការផ្ទុះឡើងនៃវីរុស Marburg ចាប់ផ្តើមនៅពេលដែលសត្វដែលមានមេរោគ ដូចជាសត្វស្វា ឬសត្វប្រចៀវ ធ្វើការចម្លងមេរោគនេះទៅមនុស្ស។ បន្ទាប់មកវីរុសនេះឆ្លងពីមនុស្សទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ជាមួយវត្ថុរាវរបស់អ្នកឆ្លងវីរុស។ រោគសញ្ញារបស់ Marburg រួមមាន៖ ឈឺក្បាល ក្អួតឈាម ឈឺសាច់ដុំ និងហូរឈាម៕


អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post:






