ប្រទេសចិនបានកាត់ទោសជនជាតិកាណាដាម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ ពីបទចែកចាយព័ត៌មានផ្ទៃក្នុងរបស់ប្រទេសចិន
- BY
- autoadmin
- August 11, 2021
តុលាការនៃប្រទេសចិនបានកាត់ទោសសហគ្រិនជនជាតិកាណាដាម្នាក់ ដោយដាក់ពន្ធនាគាររយៈពេល ១១ឆ្នាំ ពីបទចារកម្ម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ តុលាការនៅទីក្រុង Dandong ក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន បានផ្តន្ទាទោសលោក Michael Spavor នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នេះផ្ទាល់ ខណៈដែលលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ការកាត់ទោសនេះគឺមិនអាចទទួលយកបាននោះទេ។ គួរឱ្យដឹងដែរថា លោក Michael Spavor ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់ ចែកចាយព័ត៌មានផ្ទៃក្នុងរបស់ប្រទេសចិនទៅឱ្យប្រទេសដទៃទៀត។

ការឃុំខ្លួនរបស់លោក Michael Spavor ត្រូវបានគេមើលឃើញថា ជាការសងសឹករបស់ប្រទេសចិនមកលើប្រទេសកាណាដា ព្រោះថាវាបានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសកាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍ Huawei តាមសំណើរបស់សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ប្រទេសកាណាដាក៏បានបើកសវនាការចុងក្រោយ ដើម្បីសម្រេចថាតើត្រូវប្រគល់លោកស្រីម៉េងទៅអាមេរិក ឬយ៉ាងណាផងដែរ។
ចំណែកឯកាលពីថ្ងៃអង្គារកន្លងទៅនេះ តុលាការជាន់ខ្ពស់មួយក្នុងទីក្រុង Shenyang ខេត្ត Liaoning ដដែល ក៏បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ជនជាតិកាណាដាម្នាក់ទៀតឈ្មោះថា Robert Schellenberg ដែលគេត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន។ ការសងសឹកគ្នានេះបានធ្វើឱ្យចំណងរវាងប្រទេសចិន និងប្រទេសកាណាដាកាន់តែអាក្រក់ឡើងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






