អាមេរិកគ្រោងនឹងអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ការពារពីកូវីដ-១៩ បំប្លែងខ្លួន Delta
- BY
- autoadmin
- August 13, 2021
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុញ្ញាតលើដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងថ្មីៗ ហើយដូសជំរុញនេះនឹងមានឱ្យប្រើប្រាស់ សម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្សោយ។ លោកស្រី Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បាននិយាយថា FDA កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតថ្នាំ Pfizer និង Moderna ដោយបានបន្ថែមថា ដូសជំរុញនឹងជួយបង្កើនការការពារដល់ពលរដ្ឋ ជាពិសេសគឺជំងឺ COVID-19 បំប្លែងខ្លួន Delta ។

ជម្រាបដែរថា FDA មិនគិតថាដូសជំរុញ ឬដូសទី៣ គឺជាការចាំបាច់សម្រាប់មនុស្សវ័យចំណាស់នោះទេ ប៉ុន្តែពួកគេកំពុងវាយតម្លៃលើស្ថានភាពនេះជានិច្ច។ FDA ក៏បានណែនាំឱ្យស្ត្រីមានផ្ទៃពោះ គួរតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ ដោយនិយាយថា ការសិក្សាកន្លងមកបានបង្ហាញថាវ៉ាក់សាំងគឺមានសុវត្ថិភាព។ សេចក្តីប្រកាសស្តីពីដូសជំរុញ បានកើតមានឡើងនៅពេលដែលជំងឺ COVID-19 កំពុងមានការឆ្លងរាលដាលកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ហើយមន្ទីរពេទ្យនៅរដ្ឋមួយចំនួនដូចជា៖ Florida, Texas និង Louisiana ពោរពេញទៅដោយអ្នកជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






