អន្តរជាតិ

ក្មេងប្រុសមីយ៉ាន់ម៉ាអាយុ ១៣ ឆ្នាំម្នាក់ស្ម័គ្រចិត្តប្រមូល និងរៀបចំបូជាអ្នកជំងឺកូវីដ១៩ ខណៈប្រទេសទាំងមូលកំពុងប្រឈមនឹងការឆ្លងកាន់តែអាក្រក់

BY
autoadmin
August 13, 2021

ស្របពេលដែលជំងឺ COVID-19 កំពុងវាយប្រហារយ៉ាងខ្លាំងទៅកាន់ផ្នែកខ្លះនៅលើពិភពលោក មានការងារមួយចំនួន គឺតម្រូវឱ្យមនុស្សមានភាពក្លាហាន បោះបង់ពេលវេលាផ្ទាល់ខ្លួន និងប្រថុយប្រថានជាមួយនឹងសុខភាព រស់នៅជាមួយសាកសពជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងដូចជាកុមារាម្នាក់នេះ គាត់មានឈ្មោះថា Tun Lin Naing មានអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ ហើយគាត់បានលះបង់ពេលវេលារបស់គាត់ មកជួយសម្រាលបន្ទុកនៅឯសមាគមជំនួយបុណ្យសពឥតគិតថ្លៃមួយកន្លែង ដែលតម្រូវឱ្យគាត់ត្រូវធ្វើការជាមួយសាកសពអ្នកដែលស្លាប់ដោយសារជំងឺ COVID-19 ជារៀងរាល់ថ្ងៃ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark បាននិយាយថា ដំបូងឡើយកុមារាបានចូលរួមជាមួយសមាគមជំនួយបុណ្យសពឥតគិតថ្លៃ Metta Thingaha ដែលមានទីតាំងស្ថិតនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដោយសារតែគាត់ត្រូវការប្រាក់សម្រាប់ការសិក្សា។ គាត់បានចាប់ផ្ដើមដំបូង កាលពីខែធ្នូ ឆ្នាំ២០២០ ដោយការជួយភារកិច្ចរដ្ឋបាលនៅក្នុងសមាគមន៍ ហើយក្រោយមកទៀតគាត់ក៏បានចូលរួមស្ម័គ្រចិត្ត ដោយប្រមូលសាកសព និងរៀបចំបូជាសាកសពអ្នកជំងឺ COVID-19 នៅពេលដែលចាំបាច់ ខណៈដែលប្រទេសនេះប្រឈមនឹងការឆ្លងកាន់តែអាក្រក់ឡើងៗ។

កុមារា Tun Lin Naing បាននិយាយថា ដំបូងឡើយគាត់មានអារម្មណ៍ថាខ្លាច នៅពេលដែលត្រូវធ្វើការជាមួយសាកសព ប៉ុន្តែក្រោយពីបានសាំជាមួយនឹងការងារនេះរួចហើយនោះ គាត់មានអារម្មណ៍ធម្មតាជាមួយនឹងការងារ។ គាត់បង្ហើបថា គាត់តែងតែមានសេចក្តីអាណិតចំពោះសាកសព និងគ្រួសារសពរបស់សព ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ កុមារាត្រូវបានគេដឹងថា ជាមនុស្សឧស្សាហ៍ព្យាយាម ហើយគាត់មានការប្រុងប្រយ័ត្នជានិច្ចចំពោះការងារ ហើយសូម្បីតែការពាក់ឈុតការពារ PPE ក៏គាត់ពាក់បានល្អជាងមនុស្សធំខ្លះដែរ។

ចំណែកឯឪពុករបស់កុមារា Tun Lin Naing ​ឯណោះវិញ គាត់មានមោទកភាពលើកូនប្រុសយ៉ាងខ្លាំង នៅពេលដែលកុមារាមិនចាយពេលវេលាដូចក្មេងៗដទៃ ហើយគាត់បាននិយាយថា កូនប្រុសគាត់បានក្លាយជា «និមិត្តរូបនៃក្តីសង្ឃឹម» ដោយសារស្មារតីមនុស្សធម៌របស់គាត់ ហើយគាត់នឹងទទួលពរពីការជួយអ្នកដទៃនេះ។ គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃនេះមានករណីជំងឺ COVID-19 ច្រើនជាង ៣៤១,០០០ ករណី និងការស្លាប់ច្រើនជាង ១២,០០០ ករណី ខណៈដែលប្រទេសទាំងមូលកំពុងមានវិបត្តិទាំងប្រព័ន្ធវេជ្ជសាស្ត្រ និងនយោបាយ៕

អត្ថបទ៖ លីដា
ប្រភព៖ Nextshark

Share This Post: