អន្តរជាតិ

ជប៉ុននឹងផ្តល់សិទ្ធិជ្រកកោនដល់កីឡាករជម្រើសជាតិភូមាម្នាក់ បន្ទាប់ពីរូបគេមិនព្រមត្រឡប់ទៅប្រទេសកំណើត ព្រោះបានលើកម្រាមដៃ៣ នៅអំឡុងពេលការប្រកួតជាមួយជប៉ុន

BY
autoadmin
August 13, 2021

ប្រទេសជប៉ុននឹងផ្តល់សិទ្ធិជ្រកកោនដល់អ្នកចាំទីម្នាក់ មកពីក្រុមបាល់ទាល់ជម្រើសជាតិមីយ៉ាន់ម៉ា ដែលបានលើកម្រាមដៃ៣ ជាសញ្ញាប្រឆាំងនឹងរដ្ឋប្រហារ នៅក្នុងអំឡុងការប្រកួតមួយនៅក្រៅទីក្រុងតូក្យូ ហើយកីឡាកររូបនោះ បានបដិសេធមិនហោះហើរត្រឡប់ទៅប្រទេសកំណើតវិញនោះទេ។ កីឡាករ Pyae Lyan Aung បានលើកម្រាមដៃ៣ នៅពេលគោរពភ្លេងជាតិមុនការប្រកួតជម្រុះ World Cup ទល់នឹងជប៉ុន កាលពីខែឧសភា ហើយក្រោយមកគាត់បានសម្រេចចិត្តស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន ព្រោះជីវិតរបស់គាត់នឹងជួបគ្រោះថ្នាក់ប្រសិនបើគាត់ត្រលប់ទៅមីយ៉ាន់ម៉ាវិញ។

គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ដោយមានមនុស្សជាង ៩០០ នាក់ បានស្លាប់ និងជាង ៧,០០០ នាក់ ត្រូវបានចាប់ខ្លួនដោយពួកយោធា។ ចំណែកឯការលើកម្រាមដៃ៣ ជាញឹកញាប់ត្រូវបានគេប្រើជាការបង្ហាញការតស៊ូរបស់ក្រុមបាតុករអំឡុងពេលធ្វើបាតុកម្ម។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ទីភ្នាក់ងារអន្តោប្រវេសន៍របស់ជប៉ុនគ្រោងនឹងបញ្ជាក់ពីសិទ្ធិជ្រកកោនរបស់កីឡាករ Pyae Lyan Aung នៅសប្តាហ៍ក្រោយ។ ប៉ុន្តែយ៉ាងណាមកទល់នឹងពេលនេះ ទីភ្នាក់ងារនេះមិនទាន់ធ្វើការបំភ្លឺភ្លាមៗបាននោះទេ ខណៈដែលខាងមេធាវីរបស់កីឡាករ Pyae Lyan Aung បាននិយាយថា គាត់មិនបានដឹងច្បាស់ពីការសម្រេចលើសិទ្ធិជ្រកកោននេះទេ ដោយសារកូនក្ដីរបស់គាត់ត្រូវបញ្ជូនទិន្នន័យទៅការិយាល័យអន្តោប្រវេសន៍អូសាកា នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: