ប្រជាពលរដ្ឋជប៉ុនជាង ៥ លាននាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ចំពេលដែលភ្លៀងធ្លាក់ខ្លាំងកំពុងវាយប្រហារប្រទេសជប៉ុនយ៉ាងចាស់ដៃ
- BY
- autoadmin
- August 14, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសជប៉ុនបានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនប្រមាណ ៥ លាននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារតែការគំរាមកំហែងពីទឹកជំនន់ និងការរអិលបាក់ដី ខណៈប្រទេសនេះកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ចុងភាគនិរតី។ ការព្រមានកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុត ត្រូវបានដាក់ចេញនៅថ្ងៃសៅរ៍នេះផ្ទាល់ សម្រាប់ខេត្តសាហ្គា ណាហ្គាសាគី ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា ដែលនឹងគ្រប់ដណ្ដប់លើពលរដ្ឋ ១លាននាក់ ហើយការព្រមានកម្រិត៤ ត្រូវបានចេញលើខេត្តចំនួន ១៧ ផ្សេងទៀត ដែលគ្របដណ្ដប់លើពលរដ្ឋជាង ៤ លាននាក់។

អាជ្ញាធរឧតុនិយមរបស់ប្រទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងអាចបន្តគ្របដណ្តប់ទូទាំងប្រទេសប្រហែលមួយសប្តាហ៍ ហើយកម្រិតទឹកបន្តកើនឡើងនៅតាមដងទន្លេ ដែលធ្វើឱ្យមានការលិចផ្លូវជាច្រើន។ រូបថតពីបណ្តាខេត្តដែលរងផលប៉ះពាល់ បានបង្ហាញពីអ្នកស្រុកដើរកាត់តាមដងផ្លូវដែលជន់លិច ហើយក្រុមសង្គ្រោះបានដឹកកុមារ និងរបស់របរប្រើប្រាស់ផ្សេងៗ។ អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀត ក៏បានជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំង ហើយធ្វើការបញ្ជូនពួកគេទៅកន្លែងមានសុវត្ថិភាព៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






