អន្តរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ីត្រាស់បង្គាប់ឱ្យលោក Muhyiddin Yassin នៅបន្ដធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតដល់មានអ្នកជំនួសតំណែងថ្មី

BY
autoadmin
August 16, 2021

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន បើទោះបីជាលោកបានផ្ញើដំណឹងនៃការលាលែងពីតំណែងរបស់លោក ទៅកាន់ព្រះមហាក្សត្រក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅមុននេះបន្ដិច។ គួរឱ្យដឹងដែរថា ការលាលែងពីតំណែងរបស់លោក Muhyiddin គឺដោយសារតែលោកមិនអាចរក្សាបានសំឡេងភាគច្រើននៅក្នុងសភា ខណៈដែលក្នុងរយៈពេល ១៧ ខែ នៃការកាន់តំណែងរបស់លោក គឺពោរពេញទៅដោយភាពចម្រូងចម្រាស។

ព្រះបរមរាជវាំងបាននិយាយថា ការបោះឆ្នោតមិនមែនជាជម្រើសល្អបំផុតនោះទេក្នុងពេលនេះ ហើយស្តេចស៊ុលតង់ Abdullah សព្វព្រះរាជហឫទ័យឱ្យលោក Muhyiddin បន្តថែរក្សារដ្ឋាភិបាលបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកបាននិយាយថា៖«ព្រះមហាក្សត្របានទទួលលិខិតលាលែងពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីទាំងមូល» «បន្ទាប់ពីការលាលែងពីតំណែងនេះ ព្រះមហាក្សត្រសព្វព្រះទ័យឱ្យលោក Muhyiddin បំពេញតួនាទីជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: