Pfizer បញ្ជូនទិន្នន័យដំបូងនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ របស់ខ្លួនទៅកាន់ FDA ខណៈនឹងស្នើសុំឱ្យមានការប្រើប្រាស់សម្រាប់មនុស្សពេញវ័យបន្ថែមទៀត
- BY
- autoadmin
- August 17, 2021
ក្រុមហ៊ុន Pfizer បានបញ្ជូនទិន្នន័យដំបូងនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬ ដូសជំរុញរបស់ខ្លួន ទៅកាន់ FDA ខណៈស្វែងរកការអនុម័តសម្រាប់ការប្រើប្រាស់លើមនុស្សពេញវ័យទាំងអស់ ដោយនិយាយថា ការសាកល្បងរបស់ខ្លួនបានបង្ហាញថាដូសទី៣ មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 និងវ៉ារ្យ៉ង់ Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន និងដៃគូរបស់ខ្លួនគឺ BioNTech បានប្រកាសពីការស្នើនេះកាលពីថ្ងៃច័ន្ទ ដោយលើកឡើងពីលទ្ធផលជោគជ័យនៅក្នុងការសាកល្បងដំបូងរបស់ពួកគេ ខណៈដែលពួកគេបញ្ជូនទិន្នន័យបន្ដទៅ FDA ។

ក្រុមហ៊ុន Pfizer បាននិយាយថា អ្នកចូលរួមនៅក្នុងការសាកល្បងបានទទួលវ៉ាក់សាំងដូសទី៣ ចាប់ពី ៨ ទៅ ៩ ខែ បន្ទាប់ពីទទួលបានវ៉ាក់សាំងលើកទី២ ហើយជាលទ្ធផលក្រុមហ៊ុនបានរកឃើញពីកម្រិតអង់ទីករប្រឆាំងនឹងជំងឺ COVID-19 មានការកើនឡើងបានប្រសើរជាងវ៉ាក់សាំងដូសទី២។ ជាមួយគ្នានេះដែរ ដូសជំរុញនេះបានធ្វើឱ្យមានភាពរីកចម្រើននៅក្នុងការឆ្លើយតបរបស់ភាពស៊ាំជាមួយនឹងវីរុសប្រភេទដើម ក៏ដូចជាប្រឆាំងនឹងវ៉ារ្យ៉ង់ Beta និង Delta ។ យ៉ាងណាក៏ដោយក្រុមហ៊ុនក៏ធ្លាប់បង្ហើបដែរថា បន្ទាប់ពីទទួលដូសទី២ រួចហើយនោះ វ៉ាក់សាំងនេះនឹងចុះប្រសិទ្ធភាពពី ៨០ – ៩៥% បន្ទាប់ពីរយៈពេល ៦ខែ ដូច្នេះហើយដូសជំរុញនេះ នឹងមានភាពចាំបាច់នៅពេលបន្ទាប់ទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






