អន្តរជាតិ

នូវែលសេឡង់បានប្រកាសបិទខ្ទប់ប្រទេសទាំងមូល បន្ទាប់ពីបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍តែ ១ ករណីប៉ុណ្ណោះ

BY
autoadmin
August 17, 2021

នូវែលសេឡង់បានប្រកាសថានឹងបិទខ្ទប់ប្រទេសទាំងមូលរបស់ខ្លួន ក្នុងកម្រិតខ្ពស់បំផុតទី៤ នៅយប់ថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីបុរសអាយុ ៥៨ ឆ្នាំម្នាក់ មកពីទីក្រុង Auckland បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ វាគឺជាលើដំបូងបំផុតក្នុងរយៈពេល ១៧០ថ្ងៃ ដែលប្រទេសនូវែលសេឡង់បានរកឃើញករណីជំងឺ COVID-19 នៅក្នុងសហគមន៍របស់ខ្លួន ហើយស្របពេលដែលមានការព្រួយបារម្ភពីវ៉ារ្យ៉ង់ Delta ផងនោះ ប្រទេសនេះត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

ជម្រាបដែរថា នេះទើបតែជាលើកទី២ ប៉ុណ្ណោះ ដែលប្រទេសនូវែលសេឡង់ បានធ្វើការបិទខ្ទប់ទប់ស្កាតការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern ក៏បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយថា បើទោះបីជាពេលនេះគេនៅមិនទាន់ដឹងថា បុរសនោះបានឆ្លងជំងឺ COVID-19 ប្រភេទណាក៏ដោយ ក៏កន្លងមកអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងកន្លែងធ្វើចត្តាឡីស័ក ភាគច្រើនជាងវ៉ារ្យ៉ង់ Delta។ ការបិទខ្ទប់កម្រិតទី៤ នេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់ ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: