លោកយាយជនជាតិថៃវ័យ ៧០ឆ្នាំម្នាក់ បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ២លើក ក្នុងថ្ងៃតែមួយ ប៉ុន្តែសំណាងល្អមិនមានបញ្ហាដល់សុខភាព
- BY
- autoadmin
- August 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Somwang អាយុ ៧០ឆ្នាំ រស់នៅស្រុក Nang Rong របស់ខេត្តបូរីរាម បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ ២លើក ក្នុងថ្ងៃតែមួយ នៅពេលដែលគាត់ទៅទទួលវ៉ាក់សាំងបង្ការ AstraZeneca នៅឯស្រុក Muang កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានទាំងស្វាមី និងកូនប្រុស ដែលធ្វើការជាមេធាវីទៅជាមួយផងដែរ។

លោកយាយបាននិយាយប្រាប់សារព័ត៌មានថា គាត់បានទៅទទួលវ៉ាក់សាំងដូសទី២ របស់ AstraZeneca បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី១ របស់ Sinovac កាលពីចុងខែកក្កដា។ នៅពេលទៅដល់កន្លែងចាក់វ៉ាក់សាំង រូបគាត់ ប្ដី និងកូន បានឆ្លងកាត់ដំណើរការធ្វើឯកសារ ពិនិត្យសម្ពាធឈាម និងកម្ដៅជាធម្មតា ហើយក្រោយមកពួកគាត់ទាំង ៣ ក៏ត្រូវបានគេហៅទៅច្រកចាក់វ៉ាក់សាំង ប៉ុន្តែគាត់ទាំង ៣នាក់ ត្រូវអង្គុយនៅតុផ្សេងពីគ្នា។
បន្ទាប់មកមានគ្រូពេទ្យម្នាក់បានចាក់វ៉ាក់សាំង AstraZeneca ឱ្យគាត់នៅដៃខាងស្ដាំ ហើយប្រាប់ឱ្យគាត់នៅអង្គុយរង់ចាំបន្ដិចសិន។ លុះក្រោយមកទៀតក៏មានពេទ្យម្នាក់ទៀត បានហៅគាត់ទៅអង្គុយនៅតុមួយផ្សេង ហើយក៏បានចាក់វ៉ាក់សាំងជូនគាត់ជាលើកទី២ នៅដៃខាងឆ្វេងម្ដង។ លោកយាយមិនបានដឹងថា វាជាកំហុសរបស់ពេទ្យនោះទេ រហូតដល់ពេលចាកចេញពីច្រកចាក់វ៉ាក់សាំង គាត់បានប្រាប់ប្ដី និងកូន ថាគាត់ត្រូវបានគេចាក់វ៉ាក់សាំង ២ លើក។ គ្រួសាររបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនបានផ្ដល់ដំណឹងទៅវិញភ្លាមៗទេ។
ក្រោយមកទៀត កូនប្រុសរបស់លោកយាយក៏បានជូនដំណឹងទៅការិយាល័យសុខភាពសាធារណៈខេត្តតាមទូរស័ព្ទ ហើយមន្រ្តីនៅទីនោះបានខលទូរស័ព្ទត្រឡប់មកវិញ ដើម្បីសួរពីស្ថានភាពម្តាយរបស់គាត់ជាប្រចាំ។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះលោកយាយនៅមានសុខភាពធម្មតានៅឡើយ ហើយកូនប្រុសគាត់ក៏មិនបានរៀបចំឯកសារធ្វើការប្ដឹងលើគ្រូពេទ្យដែលចាក់វ៉ាក់សាំងច្រឡំឱ្យម្ដាយគាត់នោះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






