ប្រទេសថៃនៅតែឈរលើគោលជំហររបស់ខ្លួន ក្នុងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លាយបញ្ចូលគ្នារវាង Sinovac និង AstraZeneca
- BY
- autoadmin
- August 19, 2021
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ បាននិយាយថា រដ្ឋាភិបាលប្រទេសថៃនៅតែឈរលើគោលជំហរផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 លាយបញ្ចូលគ្នា ហើយជាក់ស្ដែងប្រទេសនេះបានចាក់វ៉ាក់សាំងដូសទី១ ដោយប្រើវ៉ាក់សាំង Sinovac និងដូសទី២ ដោយប្រើវ៉ាក់សាំង AstraZeneca ជូនដល់ពលរដ្ឋខ្លួនប្រហែលជា ១ លាននាក់ រួចមកហើយ។ ការលាយបញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca ត្រូវបានប្រទេសថៃយល់ថា មានប្រសិទ្ធភាពល្អប្រឆាំងនឹងជំងឺ COVID-19 បើទោះជាកន្លងមកមានសំណួរជាច្រើន ជុំវិញប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ក៏ដោយ។

ជាក់ស្ដែងលោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) បាននិយាយកាលថ្ងៃពុធថា កន្លងមកមានសកលវិទ្យាល័យឈានមុខរបស់ប្រទេសថៃជាច្រើនដូចជា៖ មហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន មន្ទីរពេទ្យរ៉ាម៉ាធីបូឌី និងមន្ទីរពេទ្យស៊ីរីរាច បានសិក្សាលើការលាយបញ្ចូលគ្នារវាងវ៉ាក់សាំងទាំង ២ ហើយជាលទ្ធផលពួកគេបានរកឃើញថា ការលាយបញ្ចូលគ្នានេះមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការទប់ស្កាត់ការឆ្លង, បន្ថយហានិភ័យឆ្លងធ្ងន់ធ្ងរ និងការស្លាប់។
លោកស្រីបាននិយាយបែបនេះ ក៏ដោយសារមានសំណួរជាច្រើនបានសួរទៅកាន់រដ្ឋាភិបាល ចំពោះការទិញបន្ថែមនូវវ៉ាក់សាំង Sinovac ចំនួន ១២ លានដូស ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិបន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលនៅតែឈរលើគោលជំហរនេះ ខណៈលទ្ធផលនៃការសិក្សាទ្រង់ទ្រាយធំលើការលាយបញ្ចូលគ្នារបស់វ៉ាក់សាំង ត្រូវបានគេរំពឹងថា នឹងរួចរាល់ក្នុងរយៈពេល ៣ ខែទៀត៕




អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






