អន្តរជាតិ

កុំចេះតែហ៊ាន! តុលាការសិង្ហបុរីបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ៦ សប្ដាហ៍ ដោយសារគាត់មិនពាក់ម៉ាស់នៅទីសាធារណៈ

BY
autoadmin
August 19, 2021

តុលាការរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានផ្តន្ទាទោសដល់បុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៦ សប្តាហ៍ បន្ទាប់ពីគាត់បានរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 ម្តងហើយម្តងទៀត ដោយការបដិសេធមិនព្រមពាក់ម៉ាស់នៅទីសាធារណៈ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ បុរសម្នាក់នោះមានឈ្មោះថា Benjamin Glynn អាយុ ៤០ឆ្នាំ ជាជនជាតិអង់គ្លេស បានរងការចោទប្រកាន់ចំនួន ៤ ជុំវិញការមិនព្រមពាក់ម៉ាស់នៅលើរថភ្លើង និងប្រើប្រាស់ពាក្យមិនសមរម្យលើបុគ្គលិកសាធារណៈ កាលពីខែឧសភា ក៏ដូចជាមិនពាក់ម៉ាស់នៅពេលបង្ហាញខ្លួននៅឯក្នុងតុលាការ កាលពីខែកក្កដា។

កាលពីថ្ងៃពុធនោះផ្ទាល់ លោក Benjamin Glynn ក៏បានសុំឱ្យតុលាការសិង្ហបុរីលុបចោលការចោទប្រកាន់ទាំងអស់ ដោយបានហៅវាថា «ជាការចោទប្រកាន់ដោយខុសច្បាប់» ហើយបានសុំលិខិតឆ្លងដែនរបស់គាត់ត្រឡប់មកវិញ ដូច្នេះគាត់អាចត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ប៉ុន្តែទំនងជាមិនបានត្រឡប់មកវិញនោះទេ។ គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលសិង្ហបុរីបានធ្វើការកាត់ទោសលើអ្នកដែលបានបំពានលើវិធានការទប់ស្កាត់ការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ កន្លងមកមានមនុស្សមួយចំនួនត្រូវបានគេផាកពិន័យ និងដាក់ពន្ធនាគារ ហើយក៏មានជនបរទេសខ្លះត្រូវបានដកហូតប័ណ្ណការងារផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN , The Straits Times

Share This Post: