អន្តរជាតិ

ប្រទេសនូវែលសេឡង់បានប្រកាសបន្ដការបិទខ្ទប់ទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីជំងឺកូវីដ១៩ បំប្លែងថ្មី Delta

BY
autoadmin
August 20, 2021

នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ នេះបានប្រកាសថា លោកស្រីនឹងពង្រីកការបិទខ្ទប់ទូទាំងប្រទេសបន្ថែមទៀត ដោយបាននិយាយថា ប្រទេសរបស់លោកស្រីនៅមិនទាន់អាចដឹងពីទំហំនៃការផ្ទុះឡើងរបស់ជំងឺ COVID-19 បំប្លែងថ្មី Delta នោះទេ។ ការបិទខ្ទប់នឹងដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្ដាហ៍ក្រោយ នេះបើតាមប្រសាសន៍លោកស្រី Ardern បានប្រាប់សន្និសីទសារព័ត៌មានក្នុងស្រុកមួយ។

គួររំលឹកដែរថា ប្រទេសនូវែលសេឡង់បានបិទខ្ទប់ប្រទេសទាំងមូលរបស់ខ្លួន នៅក្នុងកម្រិតខ្ពស់បំផុតទី៤ កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីបុរសអាយុ ៥៨ឆ្នាំម្នាក់ រស់នៅទីក្រុង Auckland បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែកាលនោះ នៅមិនទាន់ដឹងថាប្រភេទណាទេ។ ក្រោយមកទៀតគេក៏បានរកឃើញថា បុរសម្នាក់នោះបានឆ្លងជំងឺ COVID-19 បំប្លែងថ្មី Delta ដែលធ្វើឱ្យប្រទេសនេះត្រូវបង្កើនការប្រុងប្រយ័ត្នខ្លួនបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: