អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានផ្ដល់អាជ្ញាប័ណ្ណពេញលេញ និងជាលើកដំបូងបំផុត ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer

BY
autoadmin
August 24, 2021

វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer បានទទួលការយល់ព្រមពេញលេញ ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ហើយនេះគឺជាលើកដំបូងបំផុត ដែល Pfizer អាចទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនេះ។ វ៉ាក់សាំង Pfizer គឺជាវ៉ាក់សាំងដែលត្រូវការចាក់ចំនួន ២លើក ខណៈការយល់ព្រមពេញលេញរបស់ FDA នឹងគ្របដណ្ដប់លើអ្នកប្រើប្រាស់ ដែលមានអាយុ ១៦ឆ្នាំ ឬច្រើនជាងនេះ។ វាក៏នឹងជួយឱ្យពលរដ្ឋមានទំនុកចិត្តចំពោះវ៉ាក់សាំង ព្រោះថាកន្លងមកមានពលរដ្ឋមួយចំនួនមិនចង់ទទួលយកវ៉ាក់សាំងនោះទេ​ ដោយសារវាគ្រាន់តែត្រូវបានអនុម័តក្នុងគ្រាបន្ទាន់ ដែលមិនមែនផ្លូវការពេញលេញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ FDA បាននិយាយថា ការពិនិត្យឡើងវិញរបស់ខ្លួនសម្រាប់ការអនុម័ត ដោយរួមមានទិន្នន័យពីមនុស្សប្រមាណ ៤៤,០០០ នាក់ បានរកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩១% ក្នុងការការពារជំងឺ COVID-19 ។ លោកស្រី Janet Woodcock ស្នងការស្តីទី FDA ក៏បានបន្ថែមដែរថា សាធារណជនអាចជឿជាក់បានថា វ៉ាក់សាំងមានសុវត្ថិភាព ប្រសិទ្ធភាព​ និងស្តង់ដាគុណភាពផលិត។ យ៉ាងណាក៏ដោយ វ៉ាក់សាំងនេះនៅមិនទាន់ទទួលស្គាល់ពេញលេញ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ នៅឡើយទេ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នាពេលបច្ចុប្បន្ននេះ ត្រូវបានផ្ដល់ជូនពលរដ្ឋអាមេរិកដោយមិនគិតថ្លៃ ខណៈដែលប្រទេសនេះកំពុងជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំបង្ការជំងឺ COVID-19 ឱ្យបានច្រើនបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: