ប្រទេសស្រីលង្កា ពលរដ្ឋផ្ដើមគំនិតធ្វើមឈូសចេញពីក្រដាសកាតុង ដែលមានតម្លៃសមរម្យ ដើម្បីជួយដោះស្រាយបញ្ហាកូវីដ
- BY
- autoadmin
- August 24, 2021
រោងចក្រមួយនៅក្នុងទីក្រុង Dehiwala-Mount Lavinia របស់ប្រទេសស្រីលង្កា កំពុងមមាញឹកជាមួយនឹងការធ្វើមឈូសចេញពីក្រដាសកាតុង ដែលនឹងត្រូវត្រៀមសម្រាប់ដាក់សាកសពអ្នកជំងឺ COVID-19 នៅក្នុងប្រទេសនេះ។ ការធ្វើមឈូសចេញពីក្រដាសកាតុងមួយនេះ គឺជាគំនិតរបស់ថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ឈ្មោះថា Priyantha Sahabandu ដោយលោកបានមើលឃើញពីភាពងាយស្រួល តម្លៃសមរម្យ និងអាចដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅពេលដែលប្រទេសនេះមានអ្នកស្លាប់ជាមធ្យម ៤០០ នាក់ក្នុងមួយថ្ងៃ នៅក្នុងហេតុផលដោយឡែកគ្នា។

ដំបូងឡើយមឈូសនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដោះស្រាយសាកសពអ្នកស្លាប់ដោយសារជំងឺ COVID-19 ប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏ទទួលបានការគាំទ្រពីអ្នកដែលខ្វល់ខ្វាយពីបរិស្ថានផងដែរ ដោយសារការធ្វើមឈូសឈើ វាច្បាស់ណាស់នឹងមានការបំផ្លាញដើមឈើជាច្រើនដើម្បីធ្វើផលិតវាឡើង។
ជាធម្មតាមឈូសនៅក្នុងប្រទេសស្រីលង្កាមានតម្លៃ ៣០,០០០ រូពី ឬ ១៥០ ដុល្លារអាមេរិក យ៉ាងតិចបំផុត ហើយសម្រាប់មឈូសកាតុងនេះវិញ វាមានតម្លៃតែ ៤,៥០០ រូពី ឬ ២២.៥ ដុល្លារប៉ុណ្ណោះ ខណៈអាចផ្ទុកទម្ងន់បាន ១០០ គីឡូក្រាម។ ជាមួយគ្នានេះដែរ បើយើងគិតលើមនុស្សដែលបានស្លាប់ ៤០០ នាក់ ជារៀងរាល់ថ្ងៃ យើងអាចប៉ាន់ប្រមាណបានថា មានដើមឈើពី ២៥០ ទៅ ៣០០ដើម នឹងត្រូវបំផ្លាញសម្រាប់ការធ្វើមឈូសឈើធម្មតា ហើយថ្លៃចំណាយក៏ច្រើនទៅតាមប្រភេទឈើទាំងនោះផងដែរ៕






អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






