អន្តរជាតិ

វៀតណាមនឹងទទួលបានបច្ចេកវិទ្យា និងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Abdala» របស់ប្រទេសគុយបា ដោយត្រូវការចាក់ ៣ដូស ហើយមានប្រសិទ្ធភាព ៩២.២៨%

BY
autoadmin
August 25, 2021

ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា ប្រទេសរបស់ខ្លួននឹងទទួលបានបច្ចេកវិទ្យាផលិត និងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Abdala (អាប់ដាឡា) ដែលជាវ៉ាក់សាំងអភិវឌ្ឍ និងផលិតដោយប្រទេសគុយបា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ វ៉ាក់សាំង អាប់ដាឡា គឺជាវ៉ាក់សាំងត្រូវការចាក់ចំនួន ៣ដូស ជាមួយនឹងការអះអាងប្រសិទ្ធភាព ៩២.២៨% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងចុងក្រោយរបស់ខ្លួន កាលពីខែមិថុនាកន្លងទៅ។

វ៉ាក់សាំង អាប់ដាឡា នឹងត្រូវដឹកមកប្រទេសវៀតណាមនៅចុងឆ្នាំ២០២១ ដោយបូករួមទាំងក្រុមជំនាញរបស់ប្រទេសគុយបា ដើម្បីធ្វើការផ្ទេរបច្ចេកវិទ្យានៃការផលិតវ៉ាក់សាំងដល់ប្រទេសវៀតណាម។ គួរឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការផ្លាស់ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង DNA និង mRNA ជាបន្ដបន្ទាប់ ហើយខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក Pfizer អំពីការកំណត់ទីតាំងផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ស្របពេលដែលប្រទេសនេះកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងអាក្រក់បំផុតពីជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: