កងទ័ពជើងទឹកឥណ្ឌូណេស៊ីចាប់បានកប៉ាល់មួយគ្រឿងដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលលួចរត់គេចពីប្រទេសកម្ពុជា
- BY
- autoadmin
- August 26, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន France24 បានរាយការណ៍ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនចាប់បានកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់ ដែលសង្ស័យថាបានលួចប្រេងឆៅជិត ៣០០,០០០ បារ៉ែល ពីប្រទេសកម្ពុជា។ ពួកគេបាននិយាយថា កប៉ាល់ MT Strovolos ដែលមានទង់ជាតិប្រទេសបាហាមៀន ត្រូវចាប់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅឯឆ្នេរសមុទ្រស៊ូម៉ាត្រា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ដើម្បីឲ្យជួយធ្វើអន្តរាគមន៍តាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

ឥឡូវនេះ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិករបស់នាវា MT Strovolos ដែលជាជនជាតិឥណ្ឌាចំនួន ១៣នាក់ ជនជាតិបង់ក្លាដែស ៣នាក់ និងមីយ៉ាន់ម៉ា ៣នាក់ នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។ ចំណែកមេបញ្ជាការកងនាវាទី១ របស់ឥណ្ឌូណេស៊ី គឺលោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីឡើយ។
កងទ័ពជើងទឹកបាននិយាយថាកប៉ាល់ដឹកប្រេងដែលមានប្រវែង ១៨៣ម៉ែត្រ ធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ីមួយនេះ បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបានចុះចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌូណេស៊ី។ ពួកគេបានបន្ថែមថា ប្រធានក្រុមរបស់នាវាដែលជាជនជាតិបង់ក្លាដែស អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ ១៤,០០០ ដុល្លារ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ។
គួរឱ្យដឹងដែរថា កប៉ាល់នេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជា នៅក្នុងការទាញយកប្រេងផ្ទាល់ខ្លួន។ ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួន ហើយក៏បានដាក់ពាក្យប្ដឹងឱ្យរំលាយចោលនៅខែមិថុនា ប៉ុន្តែក្រុមហ៊ុននៅតែជំពាក់លុយឈ្នួលក្រុមនាវិក។ ក្រុមហ៊ុននោះផ្ទាល់គឺជាអ្នករាយការណ៍ពីការលួចនេះ ដោយបាននិយាយថា នៅក្នុងនាវាមានប្រេងប្រមាណ ២៩០,០០០ បារែល ហើយអាជ្ញាធរប្រទេសទាំង ២ កំពុងធ្វើការ ដើម្បីនាំយកប្រេងទាំងនេះមកប្រទេសកម្ពុជាវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ france24
- Share This Post:






