ប្រទេសន័រវែសបង្កើតទូកដឹកទំនិញអគ្គិសនី និងស្វ័យប្រវត្តិគ្មានអ្នកបើក ជាលើកដំបូងបំផុតនៅលើពិភពលោក
- BY
- autoadmin
- August 26, 2021
ក្រុមហ៊ុនមួយរបស់ប្រទេសន័រវែស បានបង្កើតទូកដឹកទំនិញស្វ័យប្រវត្តិដំបូងបង្អស់របស់ពិភពលោក ហើយប្រសិនបើវាដំណើរការទៅបានរលូន ពួកគេនឹងដាក់ដំណើរការទូកនេះឱ្យបម្រើការនៅទីប្រជុំជនចំនួន ២ របស់ប្រទេស នៅមុនដំណាច់ឆ្នាំ២០២១ នេះផ្ទាល់។ វាជាទូកដឹកទំនិញអគ្គិសនីដោយមិនត្រូវការអ្នកបើកបរឡើយ ហើយវានឹងត្រូវបញ្ជាដោយតេឡេពីមជ្ឈមណ្ឌលត្រួតពិនិត្យទិន្នន័យចំនួន ៣ ។ បើនិយាយទៅ ទូកនេះមិនមែនជាទូកគ្មានមនុស្សបើកដំបូងបំផុតនោះទេ ដោយសារតែនៅប្រទេសហ្វាំងឡង់ធ្លាប់មានសាឡាងគ្មានមនុស្សបើកកាលពីឆ្នាំ២០១៨ ប៉ុន្តែទូកដឹកទំនិញមួយនេះជាប្រភេទអគ្គិសនីសុទ្ធ ដែលធ្វើឱ្យវាមានភាពលេចធ្លោជាង និងដំបូងបំផុតរបស់ពិភពលោក។

ទូកនេះមានឈ្មោះថា Yara Birkeland ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគីមី Yara International ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នអាសូត ដែលជាសារធាតុពុល និងឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកាត់បន្ថយកាបូនឌីអុកស៊ីត និងបង្កើនការដឹកជញ្ជូនទំនិញចេញទៅផ្លូវសមុទ្រ។ គួរឱ្យដឹងដែរថា បច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូន បានចូលរួមពី ២.៥% ទៅ ៣% ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ចំណែកឯប្រទេសន័រវែសវិញ យើងអាចនិយាយបានថាពួកគេជាប្រទេសគំរូមួយ ដោយសារអគ្គិសនីនៅក្នុងប្រទេសរបស់ពួកគេ គឺបង្កើតដោយថាមពលវារីអគ្គិសនី ដែលបច្ចេញកាបូនទាបបំផុត បើទោះបីជានឹងមានផលប៉ះពាល់តិចតួចក៏ដោយ។
គំនិតដំបូងរបស់ទូកគឺនៅឆ្នាំ២០១៧ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg Maritime និងក្រុមហ៊ុនផលិតនាវា Vard ។ ទូកមានសមត្ថភាពផ្ទុកចំនួន ១០៣ កុងតឺន័រ និងមានល្បឿនអតិបរមា ១៣ ណុត ដោយប្រើថាមពលថ្ម ៧ មេហ្កាវ៉ាត់ ដែលមានសមត្ថភាពប្រហែលមួយពាន់ដងរបស់រថយន្តអេឡិចត្រូនិក៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






