អន្តរជាតិ

ប្រទេសថៃគ្រោងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ជូនដល់សិស្សសាលាប្រមាណ ៤លាននាក់ នៅខែក្រោយនេះ

BY
autoadmin
August 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ Pfizer ជូនដល់សិស្សសាលាប្រមាណ ៤លាននាក់ ដែលមានអាយុចាប់ពី ១២ ទៅដល់ ១៨ឆ្នាំ ចាប់ពីខែកញ្ញា។ លោកស្រី Kanokwan Vilawan មកពីក្រសួងអប់រំបាននិយាយថា ក្រុមមន្ត្រីនឹងដាក់ចេញវ៉ាក់សាំងចំនួន ៣ លានដូស ដែលនឹងមកដល់នៅខែក្រោយនេះ ហើយក៏កំពុងស្វែងរកទិញវ៉ាក់សាំងជាច្រើនបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជូនដល់សិស្សសាលាតាមការកំណត់។

លោកស្រី Kanokwan រំពឹងថា សិស្សសាលានឹងអាចទទួលបានវ៉ាក់សាំងបង្ការនៅខែក្រោយនេះ ពោលគឺនៅចំពេលដែលសាលារៀន បើកទ្វារចូលរៀនដោយផ្ទាល់វិញ។ ជាមួយគ្នានេះដែរ គ្រូបង្រៀនចំនួន ៦០០,០០០ ក្នុងចំណោម ៩០០,០០០ នាក់ នៅទូទាំងប្រទេសថៃ ក៏បានទទួលវ៉ាក់សាំងបង្ការរួចរាល់ហើយដែរ។ សព្វថ្ងៃនេះវ៉ាក់សាំង Pfizer ចំនួន ១.៥ លានដូស​ ដែលប្រទេសថៃកំពុងមានស្រាប់ គឺជាអំណោយរបស់សហរដ្ឋអាមេរិក ហើយត្រូវបានដាក់ចេញឱ្យប្រើប្រាស់លើក្រុមមានហានិភ័យខ្ពស់ ស្រ្តីមានផ្ទៃពោះលើសពី ១២ សប្ដាហ៍ និងបុគ្គលិកសុខាភិបាលជួរមុខប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: