ប្រទេសនូវែលសេឡង់ បានបន្ធូរបន្ថយវិធានការបិទខ្ទប់ទូទាំងប្រទេសរបស់ខ្លួន លើកលែងតែទីក្រុង Auckland ប៉ុណ្ណោះ
- BY
- autoadmin
- August 27, 2021
នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ បាននិយាយថា លោកស្រីនឹងបន្ធូរបន្ថយវិធានការបិទខ្ទប់ទូទាំងប្រទេស បើទោះបីជាអាជីវកម្ម និងសាលារៀននៅតែត្រូវបានបិទ ហើយទីក្រុងធំបំផុតរបស់ខ្លួន គឺទីក្រុង Auckland នឹងនៅតែបន្ដបិទទ្វារដដែល។ លោកស្រី Ardern បាននិយាយថា ប្រទេសនូវែលសេឡង់ទាំងអស់ លើកលែងតែទីក្រុង Auckland និង Northland នឹងបន្ថយការរឹតត្បឹតមកនៅត្រឹមកម្រិតទី៣ រាប់ចាប់ពីថ្ងៃអង្គារតទៅ។

នៅក្រោមការរឹតត្បឹតកម្រិតទី៣ អាជីវកម្មអាចដំណើរការបានតែចំពោះសេវាកម្មបញ្ជា ឬទទួលការទិញ ដែលមិនប៉ះពាល់ដោយផ្ទាល់។ ចំណែកបារ និងភោជនីយដ្ឋាននៅតែបិទទ្វារដដែល លើកលែងតែការទិញខ្ចប់ទៅផ្ទះ។ កន្លែងសាធារណៈនៅតែបិទដដែល ខណៈពិធីមង្គលការ និងបុណ្យសព ត្រូវបានកំណត់ត្រឹម ១០ នាក់ ដោយសារថា ពេលនេះគឺជាអំឡុងពេលនៅមើលស្ថានភាពឆ្លងនៃជំងឺ COVID-19 ជាមុនសិន។ គួរឱ្យដឹងផងដែរថា ប្រទេសនូវែលសេឡង់បានចូលក្នុងការបិទខ្ទប់ជាង ១ សប្ដាហ៍ មកហើយ ដោយសារប្រទេសនេះបានរកឃើញការឆ្លងនៅក្នុងសហគមន៍ជាលើកដំបូង ដែលបានកត់ត្រាចេញពីទីក្រុង Auckland ផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






