យោធាអាមេរិកបានវាយប្រហារដោយដ្រូនពីលើអាកាស ប្រឆាំងនឹងក្រុម ISIS-K បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុលនាពេលថ្មីៗនេះ
- BY
- autoadmin
- August 28, 2021
យោធាអាមេរិកបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងក្រុមរៀបចំផែនការរដ្ឋអ៊ីស្លាម (ISIS-K) នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន មួយថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលបានសម្លាប់ទាហានអាមេរិក ១៣នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ផ្សេងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។ ភ្លាមៗបន្ទាប់ពីការបំផ្ទុះគ្រាប់បែក ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាក់រួចមកហើយថា សហរដ្ឋអាមេរិកនឹងតាមប្រមាញ់អ្នកនៅពីក្រោយការវាយប្រហារនេះ ហើយលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណ បង្កើតផែនការវាយប្រហារលើជនដៃដល់ទាំងអស់។

ទីបញ្ជាការកណ្តាលអាមេរិកបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងខេត្ត Nangarhar ភាគខាងកើតទីក្រុងកាប៊ុល និងជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍មួយរបស់យោធាអាមេរិកបាននិយាយថា៖«តាមការចង្អុលបង្ហាញដំបូង គឺយើងបានសម្លាប់គោលដៅដោយជោគជ័យ ហើយមិនមានជនស៊ីវិលណាមួយរងគ្រោះជាមួយការវាយប្រហារនេះទេ»។ វាមិនបាននិយាយថា តើគោលដៅត្រូវបានភ្ជាប់ជាមួយការវាយប្រហារព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ប៉ុន្តែមន្រ្តីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ការធ្វើវាយប្រហារនេះគឺប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលមានគម្រោងវាយប្រហារជាថ្មីនាពេលអនាគត៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






