អន្តរជាតិ

ក្រសួងសុខាភិបាលជប៉ុនបានរាយការណ៍ថា ពលរដ្ឋរបស់ខ្លួន ២នាក់ បានបាត់បង់ជីវិតបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna

BY
autoadmin
August 28, 2021

ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ពលរដ្ឋរបស់ខ្លួនចំនួន ២នាក់ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងបាននិយាយថា ជនរងគ្រោះទាំង ២នាក់ គឺជាបុរស ដែលមានអាយុប្រមាណ ៣០ឆ្នាំ ហើយពួកគេបានស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងដូសទី២ នៅក្នុងខែនេះផ្ទាល់តែម្ដង។ មូលហេតុនៃការស្លាប់របស់អ្នកទាំង ២ កំពុងត្រូវបានគេស៊ើបអង្កេត ហើយវ៉ាក់សាំង Moderna មួយចំនួននៅក្នុងប្រទេសជប៉ុន ក៏ត្រូវបានគេផ្អាកការប្រើប្រាស់ផងដែរ។

គួរឱ្យដឹងដែរថា ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១.៦៣ លានដូស ដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការចំនួន ៨៦៣ កន្លែង នៅទូទាំងប្រទេស ពោលគឺច្រើនជាងមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនចែកចាយក្នុងស្រុកគឺ Takeda Pharmaceutical បានទទួលរបាយការណ៍ថា វ៉ាក់សាំងមានសារធាតុដែលបង្កឱ្យឆ្លងមេរោគ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន និង Moderna បាននិយាយថា គ្មានបញ្ហាសុវត្ថិភាព ឬប្រសិទ្ធភាព ត្រូវបានកំណត់អត្តសញ្ញាណទេ ហើយការផ្អាកនេះគ្រាន់តែជាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ។ ចំណែកឯទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា សារធាតុដែលបង្កឱ្យឆ្លងមេរោគនោះ ត្រូវបានគេជឿថាជាភាគល្អិតលោហធាតុ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: