ប្រទេសចិនបានបង្កើតឈុតការពារម្យ៉ាង ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ ដើម្បីសម្រួលការងារបុគ្គលិកពេទ្យនៅក្រោមអាកាសធាតុក្ដៅ
- BY
- autoadmin
- August 30, 2021
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថា ក្រុមហ៊ុនចិន Tuoren Group ដែលជាក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់វេជ្ជសាស្ត្រ មានមូលដ្ឋាននៅទីក្រុងស៊ីនស៊ាំង ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន បានបង្កើតឈុតការពារវេជ្ជសាស្ត្រ (PPE) ដែលមានបំពាក់ជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ ជួយសម្រួលឱ្យមានខ្យល់ត្រជាក់សម្រាប់បុគ្គលិកពេទ្យ ដែលត្រូវការបំពេញការងារនៅក្រោមអាកាសធាតុក្ដៅ ឬបំពេញការងារជាច្រើនម៉ោងជាដើម។

របាយការណ៍បានបង្ហាញថា ឈុតការពារជំងឺ COVID-19 មួយនេះ មានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់។ ឈុតការពារនេះមានការដំឡើងបន្ទះបន្សុទ្ធខ្យល់ ហើយដំណើរការដោយគ្រាន់តែចុចលើប៊ូតុងបិទ/បើក យ៉ាងងាយស្រួលបំផុត។ អ្នកប្រើប្រាស់អាចគ្រប់គ្រងសីតុណ្ហភាពឈុតការពារចន្លោះពី ២៦-២៩ អង្សាសេ ដែលធ្វើឱ្យការងាររបស់បុគ្គលិកពេទ្យកាន់តែមានផាសុកភាពនៅពេលរដូវក្តៅចូលមកដល់៕






អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






