តារាសម្ដែងលោក Ed Asner ដែលធ្លាប់ឈ្នះពានរង្វាន់ Emmy ច្រើនជាងគេបំផុត បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ
- BY
- autoadmin
- August 30, 2021
តារាសម្ដែងលោក Ed Asner ដែលដើរតួជាអ្នកយកព័ត៌មានឈ្មោះថា Lou Grant នៅក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ CBS បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់)។ លោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្ដែងជាតួអង្គ Lou Grant ហើយលោកថែមទាំងបានទទួលពានរង្វាន់ Emmy ចំនួន ៧ដង នៅក្នុងអាជីពរបស់លោក ដែលជាចំនួនច្រើនបំផុតសម្រាប់តួសម្ដែងប្រុស។ លោកធ្លាប់ជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គពោះម៉ាយ Carl Fredricksen នៅក្នុងភាពយន្តគំនូជីវចល «UP» របស់ក្រុមហ៊ុន Pixar ហើយលោកក៏ជាតួអង្គតាណូអែល ក្នុងរឿងកំប្លែង «Elf» ផងដែរ។

លោក Ed Asner បានកើតនៅទីក្រុង Kansas រដ្ឋ Missouri ក្នុងឆ្នាំ១៩២៩ ហើយលោកបានចាប់ផ្តើមការសម្តែងនៅអំឡុងគាត់ជាសិស្សសាលានៅឡើយ។ ក្នុងអាជីពជាអ្នកសម្តែងរបស់គាត់ លោក Asner គឺជាអ្នកគាំទ្រដោយចំហលើបុព្វហេតុមនុស្សធម៌ និងនយោបាយមួយចំនួន រួមទាំងសហជីពពាណិជ្ជកម្ម និងសិទ្ធិសត្វ។ គាត់ធ្លាប់បានបម្រើការជាប្រធានសមាគមអ្នកសម្ដែង Screen Actors Guild ពីឆ្នាំ១៩៨១ ដល់ ១៩៨៥ ហើយត្រូវបានផ្តល់កិត្តិយស ក្នុងឆ្នាំ២០០០ ជាមួយនឹងពានរង្វាន់ Ralph Morgan ដ៏មានកិត្យានុភាព។ លោកបានផ្លាស់ទៅ Hollywood ក្នុងឆ្នាំ១៩៦១ ហើយបានចាប់ផ្តើមអាជីពជាអ្នកសម្ដែងនៅក្នុងទូរទស្សន៍ និងភាពយន្តចាប់ពីពេលនោះមក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






