អ្នកតវ៉ារាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសក្រិក បន្ទាប់ពីពួកគេបានប្រឆាំងនឹងកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
- BY
- autoadmin
- August 30, 2021
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសក្រិក បន្ទាប់ពីការតវ៉ាប្រឆាំងនឹងកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បុគ្គលិកសុខាភិបាល ខណៈការតវ៉ាក៏បានបង្កទៅជាអំពើហិង្សារវាងប៉ូលីស និងក្នុងចំណោមអ្នកតវ៉ាប្រមាណ ៧,៥០០ នាក់ នៅឯទីលាន Syntagma Square។ អ្នកតវ៉ាបានគ្រវីទង់ជាតិរបស់ប្រទេសក្រិក ដោយមានទាំងកាស្រែកទាមទារឱ្យមានការកែប្រែឡើងវិញ ចំពោះច្បាប់កំណត់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញានេះ។

យោងតាម AFP បាននិយាយថា ក្រុមបាតុករបានកាន់បដាដែលសរសេរថា៖«យើងមិនប្រឆាំងនឹងវ៉ាក់សាំងទេ ប៉ុន្តែប្រឆាំងនឹងហ្វាស៊ីសនិយម» (fascism)។ ក្នុងនោះ អ្នកបើករថយន្តសង្គ្រោះបន្ទាន់ម្នាក់បានប្រាប់ទីភ្នាក់ងារថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយខាងមន្ទីរពេទ្យឱ្យគាត់ឈប់សម្រាក (sick leave) ព្រោះគាត់មិនបានចាក់វ៉ាក់សាំងបង្ការ ខណៈដែលបុគ្គលិកជួរមុខបានព្យាយាមយ៉ាងខ្លាំង ក្នុងការប្រឆាំងទប់ស្កាត់ជំងឺ COVID-19 នាពេលកន្លងមក។
ចំណែកប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យថា មានមនុស្សសរុប ៤៧ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានោះ ដោយសារមានបាតុករខ្លះបានគប់គ្រាប់បែកសាំង និងវត្ថុផ្សេងៗទៀត មកលើកម្លាំងប៉ូលីសនៅកន្លែងកើតហេតុ ដែលជំរុញឱ្យក្រុមមន្រ្តីបង្ខំចិត្តរារាំងក្រុមបាតុករដោយប្រើកាណុងបាញ់ទឹក និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក៕




អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






