អន្តរជាតិ

វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ចំនួន ១៤,២១៩ ករណីបន្ថែមទៀត នាំឱ្យការឆ្លងសរុបនៅក្នុងរលកឆ្លងចុងក្រោយនេះមានដល់ ៤៤៥,២៩២ ករណី

BY
autoadmin
August 31, 2021

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៤,២១៩ ករណី ចេញពីតំបន់ចំនួន ៤១ កាលពីយប់ថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយដែលចាប់ផ្ដើមតាំងពីចុងខែមេសាមួយនេះ កើនឡើងដល់ ៤៤៥,២៩២ ករណី។ នេះគឺជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ បន្ទាប់ពីករណីចំនួន ១៧,៤០៩ ត្រូវបានកត់ត្រាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ តំបន់ចំនួន ៣ ដូចជា៖ ខេត្តប៊ិញឌួង ៦,០៥០ ករណី, ទីក្រុងហូជីមិញ ៥,៨៨៩ ករណី និងខេត្តឡុងអាន ៥២៤ ករណី នៅតែមានការឆ្លងច្រើនជាងគេ។

ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ ដែលបានរកឃើញនៅថ្ងៃច័ន្ទផ្ទាល់ គឺមានករណីចំនួន ៧,៥០៤ ករណី ត្រូវបានរកឃើញនៅក្នុងកន្លែងដាច់ដោយឡែក និងត្រូវបានបិទខ្ទប់ ខណៈដែលនៅសល់គឺមានប្រភពនៃការចម្លងមិនច្បាស់លាស់។ ការជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺ COVID-19 បានកើនឡើងដល់ ១៩៨,៦១៤ ករណី ដោយមានអ្នកជំងឺ ៩,០១៤ នាក់ ត្រូវបានប្រកាសថា បានជាសះស្បើយនៅថ្ងៃដដែលនោះ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់មាន ៣១៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យការស្លាប់សរុបមានដល់ ១១,០៦៤ នាក់ ដែលស្មើនឹងប្រមាណ ២.៥% នៃករណីឆ្លងទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: