អន្តរជាតិ

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងទំនងជាកំពុងចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ

BY
autoadmin
August 31, 2021

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសញ្ញាថ្មីៗដែលថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅទីក្រុង Nyongbyon ។ IAEA បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រនេះ អំពីកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយបានសរសេរថា ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២១ តរៀងមក មានការចង្អុលបង្ហាញថា កូរ៉េខាងជើងមានសកម្មភាពបញ្ចេញទឹកត្រជាក់ ដែលស្របតាមប្រតិបត្តិការរបស់រ៉េអាក់ទ័រ។

របាយការណ៍បានបន្ថែមថា សកម្មភាពបែបនេះគឺគ្មានពីមុននោះទេចាប់ពីដើមខែធ្នូ ឆ្នាំ២០១៨ ទើបតែមានសារជាថ្មីនៅដើមខែកក្កដា ឆ្នាំ២០២១នេះ។ ប្រភពក៏បាននិយាយដែរថា រោងចក្រចំហាយទឹកមួយនៅឯទីក្រុង Nyongbyon ក៏បានដំណើរការអស់រយៈពេលប្រហែល ៥ ខែរួចមកហើយ ចាប់ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ មកនេះ។ ពោលគឺរយៈពេល ៥ខែ អាចស្របទៅនឹងពេលវេលាដែលត្រូវការ ដើម្បីដំណើរការឥន្ធនៈនុយក្លេអ៊ែរឡើងវិញ។ IAEA បាននិយាយថា ការបន្តកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការបំពានយ៉ាងច្បាស់ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជារឿងដែលគួរសោកស្តាយយ៉ាងខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: