អន្តរជាតិ

អាហ្រ្វិកខាងត្បូងបានរកឃើញជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀតហៅថា C.1.2 ខណៈការស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើង

BY
autoadmin
August 31, 2021

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអាហ្រ្វិកខាងត្បូង បានរកឃើញវ៉ារ្យ៉ង់ថ្មីនៃជំងឺ COVID-19 ដែលមានការបំប្លែងខ្លួនច្រើន (mutations) ប៉ុន្តែពួកគេនៅមិនទាន់អាចកំណត់ថា តើវាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ឬចម្លងបានលឿនប៉ុនណានោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ វ៉ារ្យ៉ង់ថ្មីដែលត្រូវបានគេស្គាល់ថា C.1.2 ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងខែឧសភា ហើយឥឡូវនេះវាបានរីករាលដាលដល់ខេត្តភាគច្រើនរបស់ប្រទេសនេះ ហើយក៏បានចម្លងទៅកាន់ប្រទេសចំនួន ៧ ផ្សេងទៀត នៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូសេអានី។

វាផ្ទុកនូវការបំប្លែងជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងវ៉ារ្យ៉ង់ដទៃទៀត ជាមួយនឹងការកើនឡើងនៃការចម្លង និងការថយចុះនៃអង្គបដិប្រាណប្រឆាំងនឹងវីរុស។ ប៉ុន្តែវាបានកើតឡើងក្នុងភាពច្របូកច្របល់ ដូច្នេះអ្នកវិទ្យាសាស្ត្រមិនទាន់ច្បាស់ថា វាប៉ះពាល់ដល់ឥរិយាបថរបស់ជំងឺដើមយ៉ាងដូចម្តេចឡើយ។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ក៏កំពុងដំណើរការផងដែរ ដើម្បីកំណត់ថា វ៉ារ្យ៉ង់ត្រូវបានបន្សាបដោយអង្គបដិប្រាណបានប៉ុនណា ក៏ដូចជាការសិក្សាផ្សេងៗទៀត។ គួរឱ្យដឹងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសដំបូងគេ ដែលរកឃើញវ៉ារ្យ៉ង់ Beta ហើយវាគឺជាវ៉ារ្យ៉ង់ ១ ក្នុងចំណោម ៤ ដែលអង្គការសុខភាពពិភពលោក (WHO) ហៅវាថា «វ៉ារ្យ៉ង់ដែលគួរឱ្យព្រួយបារម្ភ» ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: