ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីហៅថា «Mu» កំពុងរាលដាលដល់ប្រទេសជប៉ុនហើយ
- BY
- autoadmin
- September 2, 2021
ប្រទេសជប៉ុនបានបញ្ជាក់ពីការឆ្លងដំបូងរបស់ខ្លួន ជាមួយនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មីហៅថា «Mu» ខណៈកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ វាក៏ត្រូវបានចាត់ថ្នាក់ថាជាវ៉ារ្យ៉ង់ «គួរឱ្យចាប់អារម្មណ៍» ដោយអង្គការសុខភាពពិភពលោកផងដែរ។ ការបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញពីអ្នកដំណើរចំនួន ២នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅកន្លែងធ្វើចត្តាឡីស័កនៅឯអាកាសយានដ្ឋានចំនួន ២ របស់ប្រទេសជប៉ុន ហើយក្រោយមកបុគ្គលិកសុខាភិបាលជប៉ុន ក៏បានសិក្សាលើហ្សែនរបស់ជំងឺពីសំណាករបស់អ្នកដំណើរទាំង ២ នាក់។

អ្នកដំណើរទាំង ២នាក់ មានម្នាក់គឺជាស្ត្រីអាយុ ៤០ឆ្នាំ ដែលបានមកដល់អាកាសយានដ្ឋានណារីតា ពីប្រទេសអារ៉ាប់រួមកាលពីចុងខែមិថុនា ខណៈស្ត្រីម្នាក់ទៀត គឺមានអាយុ ៥០ឆ្នាំ ដែលបានចុះចតនៅអាកាសយានដ្ឋានហាណេដា ពីចក្រភពអង់គ្លេសកាលពីដើមខែកក្កដា។ ជាមួយគ្នានេះ អគ្គនាយកវិទ្យាស្ថានជាតិជំងឺឆ្លងលោក Wakita Takaji ក៏បានអំពាវនាវឱ្យមានការប្រមូលទិន្នន័យបន្ថែមទៀត ហើយថា វ៉ារ្យ៉ង់ផ្សេងៗគ្នាកំពុងត្រូវបានបញ្ជាក់ជាបន្ដបន្ទាប់ ប៉ុន្តែគួរតែផ្ដោតសំខាន់ចំពោះការបំប្លែងខ្លួនណាដែលមានការចម្លងឆាប់រហ័ស។
គួរឱ្យដឹងដែរថា វ៉ារ្យ៉ង់ថ្មី Mu ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី កាលពីខែមករា ហើយក្រោយមកវាបានចម្លងទៅយ៉ាងតិច ៣៩ ប្រទេស ភាគច្រើននៅអាមេរិកខាងត្បូង និងតំបន់អឺរ៉ុប។ WHO ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយសារវ៉ារ្យ៉ង់ថ្មីនេះមានសក្ដានុពលអាចគេចពីអង់ទីករប្រឆាំងជំងឺ COVID-19 ដែលកកើតចេញពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងចរាចរនាពេលបច្ចុប្បន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






