អន្តរជាតិ

ប្រទេសថៃគ្រោងសាកល្បងដំណាក់កាលទី១ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងពីថ្នាំជក់នៅក្នុងខែនេះ

BY
autoadmin
September 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា វ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានមូលដ្ឋានលើរុក្ខជាតិបង្កើតឡើងដោយប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី១ របស់ខ្លួននៅខែនេះ។ វ៉ាក់សាំង Baiya ត្រូវបានបង្កើតឡើងដោយ Baiya Phytopharm នៅសាកលវិទ្យាល័យជូឡាឡុងកន ហើយស្ថាបនិកក្រុមហ៊ុនលោកស្រី Waranyoo Phoolcharoen បាននិយាយថា ការសាកល្បងលើមនុស្សអាចចាប់ផ្តើមភ្លាម នៅពេលដែល រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ របស់ប្រទេសថៃ បញ្ចប់ការពិនិត្យព័ត៌មានអំពីដំណើរការផលិតរបស់វ៉ាក់សាំង។

វ៉ាក់សាំង Baiya ផលិតឡើងដោយប្រើថ្នាំជក់របស់ប្រទេសអូស្រ្តាលី ដែលមានកម្រិតជាតិនីកូទីនទាប។ ស្លឹករបស់ថ្នាំជក់ត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយបន្ទាប់មកប្រូតេអ៊ីននោះ ក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅបង្កើតជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលនឹងបង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់។ ប្រសិនបើការងារនេះរលូនទៅបាន វ៉ាក់សាំងនេះទំនងជានឹងផលិតឱ្យប្រើប្រាស់នៅត្រីមាសទី៣ នៃឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរនាយកប្រតិបត្តិនៃក្រុមហ៊ុន Baiya Phytopharm លោកស្រី Suthira Taychakhoonavudh បានមានប្រសាសន៍ថា ក្រុមហ៊ុនក៏សង្ឃឹមថា នឹងបង្កើតវ៉ាក់សាំងជំនាន់ទី២បន្ដទៀត ដើម្បីផ្តល់ការការពារកាន់តែខ្លាំង ប៉ុន្តែគាត់និយាយថា វាអាស្រ័យលើលទ្ធផលនៃការសាកល្បងដំណាក់កាលទី១ ជាមុនសិន។ លោកស្រីបានបន្ថែមថា វាជាជំនឿរបស់គាត់ដែលគិតថា ប្រទេសថៃមានសក្តានុពលខ្លាំងក្នុងការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: