កសិករនៅប្រទេសឥណ្ឌារាប់ម៉ឺននាក់ បានចេញមកតវ៉ានៅរដ្ឋ Uttar Pradesh ជុំវិញច្បាប់កសិកម្មដ៏ចម្រូងចម្រាសមួយ ដែលពួកគេគិតថា វាងាយនឹងធ្វើឱ្យកសិករខ្នាតតូចរងគ្រោះ
- BY
- autoadmin
- September 6, 2021
កសិករប្រមាណ ៥០,០០០ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់កសិកម្មថ្មីមួយ ដែលរដ្ឋាភិបាលរបស់លោក Narendra Modi បានដាក់ឡើង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រជាកសិករនៅទូទាំងប្រទេស ចង់ឱ្យអាជ្ញាធររដ្ឋលុបចោលច្បាប់ស្តីពីកសិដ្ឋានដ៏ចម្រូងចម្រាសនោះចោល ហើយបានប្រមូលផ្តុំគ្នាតវ៉ាជាបន្ដបន្ទាប់ ខណៈការតវ៉ាលើកនេះគឺវាជាការតវ៉ាធំបំផុត ចាប់តាំងពីចលនារបស់ពួកគេបានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន។

មូលហេតុដែលធ្វើឱ្យមានការប្រឆាំងតវ៉ានេះឡើង គឺដោយសារច្បាប់កសិកម្មថ្មីនោះបានចែងមកថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយពីរបៀបដែលកសិករអាចលក់ផលិតផល ហើយនឹងផ្តល់ឱ្យកសិករនូវសេរីភាពកាន់តែច្រើនក្នុងទីផ្សារ។ ប៉ុន្តែក្រុមអ្នកប្រឆាំងនិយាយថា កំណែទម្រង់នេះគឺដូចជាទុកឱ្យកសិករខ្នាតតូចងាយទទួលរងគ្រោះ ដោយសារពួកគេមិនមានអំណាចណាអាចចរចាជាមួយសាជីវកម្មធំៗបានទេ។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលរថយន្តក្រុង និងត្រាក់ទ័រ បានដឹកកសិករទៅក្រុង Muzaffarnagar ដើម្បីជួបជុំកសិករផ្សេងៗមកពីរដ្ឋដទៃទៀត។ មេដឹកនាំការប្រឆាំងរបស់ពួកគេបានសន្យាថា នឹងកាន់កាប់ផ្លូវទាំងអស់ដែលមានកាំចម្ងាយ ២០ គីឡូម៉ែត្រ នៅជុំវិញទីក្រុងនោះ។ ការប្រមូលផ្តុំគ្នានៅរដ្ឋ Uttar Pradesh នឹងផ្តល់កម្លាំងបន្ថែមដល់ចលនានេះ ហើយកសិករក៏កំពុងអំពាវនាវផងដែរ ឱ្យមានការធ្វើកូដកម្មទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។ ឥឡូវនេះមន្រ្តីប៉ូលីសរាប់ពាន់នាក់ បានឈរល្បាតនៅតាមដងផ្លូវដែលមានការប្រមូលផ្ដុំទាំងនោះ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






