ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋីលោក Jeff Bezos និងលោក Yuri Milner បានផ្ដល់មូលនិធិដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ ដែលស្រាវជ្រាវរកវិធីធ្វើឲ្យមនុស្សមានជីវិតអមតៈ អាចរស់នៅបានជារៀងរហូត

    BY autoadmin September 6, 2021
    មហាសេដ្ឋីលោក Jeff Bezos និងលោក Yuri Milner បានផ្ដល់មូលនិធិដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ ដែលស្រាវជ្រាវរកវិធីធ្វើឲ្យមនុស្សមានជីវិតអមតៈ អាចរស់នៅបានជារៀងរហូត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា មហាសេដ្ឋីលោក Jeff Bezos និងលោក Yuri Milner បានផ្តល់មូលនិធិដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាទើបតែបង្កើតឡើងមួយ ដែលមានគោលបំណងធ្វើការស្រាវជ្រាវអាចឱ្យមនុស្សអាចរស់នៅបានជារៀងរហូត។ មន្ទីរពិសោធន៍នោះមានឈ្មោះថា Altos បានចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីដើមឆ្នាំនេះ ហើយបានរៃអង្គាសប្រាក់យ៉ាងតិច ២៧០ លានដុល្លារ ចំពោះសក្តានុពលនៃបច្ចេកវិទ្យាត្រឡប់កោសិកាមិនឱ្យចាស់ ខណៈដែលកន្លងមកខ្លួនក៏ទទួលបានលទ្ធផលជោគជ័យ ជាមួយនឹងការធ្វើតេស្ដលើសត្វរួចមកហើយ។

    ពួកគេក៏បានលើកឡើងពីការស្រាវជ្រាវរបស់លោកបណ្ឌិតជប៉ុន Shinya Yamanaka ដែលជាអ្នកត្រួសត្រាយផ្លូវនៅក្នុងការស្រាវជ្រាវមួយទាក់ទងនឹងកោសិកា និងធ្លាប់ទទួលបានពាន់រង្វាន់ Nobel កាលពីឆ្នាំ២០១២ ពីការស្រាវជ្រាវនោះផងដែរ។ លោកបានរកឃើញថា ប្រសិនបើយើងបញ្ចូលប្រូតេអ៊ីនជាក់លាក់ចំនួន ៤ប្រភេទ ចូលទៅក្នុងកោសិកាណាមួយនោះ វានឹងត្រឡប់កោសិកាទៅរកសភាពដើមវិញ ជាមួយនឹងលក្ខណៈកោសិកាអំប្រ៊ីយ៉ុងដើមដែលបង្កើតជាប្លុកនៃជីវិតសត្វថ្មី។ លោកក៏នឹងក្លាយជាទីប្រឹក្សាដោយគ្មានប្រាក់ខែ ឱ្យក្រុមហ៊ុន Altos នេះបើតាមការចុះផ្សាយរបស់ MIT Technology Review ។

    ជាមួយគ្នានេះដែរលោកបណ្ឌិត Juan Carlos Izpisua Belmonte ដែលជាអ្នកជីវវិទូជនជាតិអេស្ប៉ាញ ធ្វើការនៅវិទ្យាស្ថាន Salk ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ក៏នឹងធ្វើការជាមួយក្រុមហ៊ុន Altos នេះផងដែរ។ លោកបណ្ឌិត Juan Carlos Izpisua Belmonte ធ្លាប់បានពិសោធន៍លើការសាកល្បងរបស់លោកបណ្ឌិត Shinya Yamanaka កាលពីឆ្នាំ២០១៦ ផងដែរ ដោយគាត់បានប្រើប្រាស់បច្ចេកទេសនោះទៅលើសត្វកណ្ដុរ ហើយជាលទ្ធផលគាត់បានរកឃើញថា វាពិតជាមានសញ្ញានេះការត្រឡប់កោសិកាមិនឱ្យចាស់ទៅតាមអាយុពិតមែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: