ប្រទេសជប៉ុននឹងត្រូវសម្រេចចិត្តលើការពន្យារពេលស្ថានភាពគ្រាអាសន្ននៅថ្ងៃនេះ ខណៈដែលចំនួនអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ កាន់តែមានការកើនឡើងខ្លាំង
- BY
- autoadmin
- September 7, 2021
រដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវសម្រេចចិត្តថា តើត្រូវពន្យារស្ថានភាពគ្រាអាសន្នបន្តទៀត ដោយផ្អែកទៅលើដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងស្ថានភាពនៃសេវាកម្មថែទាំសុខភាព ឬយ៉ាងណា ខណៈដែលស្ថានភាពគ្រាអាសន្នសម្រាប់ទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន ១៩ ផ្សេងទៀត នឹងត្រូវផុតកំណត់នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ។ ចំណែកឯខេត្តចំនួន ១២ ផ្សេងទៀត ដែលស្ថិតនៅក្រោមវិធានការគ្រាអាសន្នកម្រិតស្រាល ក៏នឹងអស់សុពលភាពនៅថ្ងៃដដែលនោះដែរ។ ប្រសិនបើមានការពន្យារពេលបន្ថែមទៀតមែននោះ ទីក្រុងមួយចំនួនទៀតនឹងប្រហែលជាត្រូវដាក់បញ្ចូលផងដែរ។

ការពិតទៅចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានបង្ហាញពីការថយចុះនាពេលថ្មីៗនេះ ប៉ុន្តែចំនួនពលរដ្ឋដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មានការកើនឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវសម្រេចចិត្តនឹងពន្យារពេលស្ថានភាពគ្រាអាសន្ន ឬអត់។ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកត្តាដូចជា៖ ដំណើរនៃកម្មវិធីចាក់វ៉ាក់សាំង ស្ថានភាពប្រព័ន្ធថែទាំសុខភាព និងចំនួនអ្នកជំងឺដែលកំពុងស្នាក់នៅផ្ទះ រង់ចាំការទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ។
នាយករដ្ឋមន្រ្តី Suga Yoshihide ត្រូវបានគេរំពឹងថា នឹងត្រូវជួបរដ្ឋមន្រ្តីខុទ្ទកាល័យរបស់គាត់នៅថ្ងៃអង្គារនេះ រួមទាំងលោក Nishimura Yasutoshi ដែលជាអ្នកទទួលបន្ទុកការឆ្លើយតបនឹងជំងឺឆ្លង។ រដ្ឋាភិបាលគ្រោងនឹងធ្វើការសម្រេចចិត្តលើវិធានការគ្រាអាសន្ននៅចុងសប្តាហ៍នេះ បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ រដ្ឋាភិបាលក៏បានធ្វើចេញនូវសេចក្តីព្រាងនៃគោលការណ៍ណែនាំមូលដ្ឋាន សម្រាប់ការស្នើសុំប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំង និងលិខិតឆ្លងដែនវ៉ាក់សាំង។ ប៉ុន្តែសេចក្ដីព្រាងនោះក៏ការពារមិនឱ្យមានការបណ្ដេញចេញ និងជំរុញឱ្យបុគ្គលិកការងារឈប់ពីការងាររបស់ពួកគេទេ ដោយសារការមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ ព្រោះថាវាមិនសមហេតុផលឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






