យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត និង ១១ នាក់ផ្សេងទៀត បានឆ្លងវីរុស Nipah នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា
- BY
- autoadmin
- September 7, 2021
យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានឆ្លងវីរុស Nipah ដែលជាវីរុសដ៏សាហាវមួយ និងគ្មានវ៉ាក់សាំងបង្ការនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។ កាលពីថ្ងៃអាទិត្យកន្លងទៅ ក៏មានការរាយការណ៍អំពីការស្លាប់របស់ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថា គាត់បានស្លាប់ដោយសារជំងឺមួយនេះផងដែរ។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Kerala លោក Veena George បានឱ្យដឹងថា ចំនួនអ្នកដែលឆ្លងវីរុស Nipah បានកើនឡើងដល់ ១១នាក់ គិតត្រឹមថ្ងៃច័ន្ទនេះ ហើយក្នុងចំណោមពួកគេ គឺមានទាំងម្ដាយឪពុក និងអ្នកផ្សេងៗទៀតដែលបានប៉ះពាល់ ឬបានព្យាបាលក្មេងប្រុសម្នាក់នោះ។

លោក Veena George បាននិយាយថា ស្ថានភាពរបស់អ្នកជំងឺទាំង ១១នាក់ គឺបានធូរស្រាលវិញហើយ ខណៈម្ដាយរបស់ក្មេងប្រុសដែលបានស្លាប់ បានមានអាការគ្រុនក្ដៅកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានធូរស្រាលវិញហើយឥឡូវនេះ។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ២៥១នាក់ ដែលសង្ស័យថាបានប៉ះពាល់អ្នកជំងឺ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ខណៈមនុស្សចំនួន ១២៩នាក់ ក្នុងចំណោមពួកគេគឺជាបុគ្គលិកពេទ្យ។ មុនពេលដែលក្មេងប្រុសទទួលមរណភាព ក្មេងប្រុសត្រូវបានគេបញ្ជូនទៅគ្លីនិកយ៉ាងតិច ៤ ផ្សេងៗគ្នា ដូច្នេះហើយទើបចំនួនបុគ្គលិកពេទ្យដែលបានប៉ះពាល់ ឬសង្ស័យថាប៉ះពាល់ មានចំនួនច្រើនបែបនេះ។
ជម្រាបផងដែរថា វីរុស Nipah គឺកើតចេញពីសត្វប្រចៀវ ហើយបើតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វីរុសនេះមានអត្រាការស្លាប់ពី ៤០% ទៅ ៧៥% ទៅតាមស្ថានភាពផ្ទុះឡើងរបស់វា។ ប៉ុន្តែយ៉ាងណាក៏ដោយ វីរុស Nipah មិនឆ្លងលឿនជាងជំងឺ COVID-19 នោះទេ បើទោះបីជាមានអត្រាការស្លាប់ខ្ពស់យ៉ាងណាក៏ដោយ។ ចំណែកមូលហេតុដែលក្មេងប្រុសបានឆ្លងវីរុសនេះ គឺប្រហែលជាមកពីក្មេងប្រុសបានហូបផ្លែសាវម៉ាវដែលនៅសល់ពីមាត់ និងចម្លងរោគពីសត្វប្រចៀវ ខណៈការស៊ើបអង្កេតបន្ថែមពាក់ព័ន្ធនឹងវីរុស Nipah ក៏កំពុងត្រូវបានធ្វើឡើងផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






