ប្រទេសជប៉ុនបានយល់ព្រមទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Novavax ដែលជាវ៉ាក់សាំងមានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ១៥០លានដូស
- BY
- autoadmin
- September 7, 2021
ប្រទេសជប៉ុនបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Novavax ចំនួន ១៥០ លានដូស ខណៈក្រុមហ៊ុនជប៉ុន Takeda នឹងទទួលបន្ទុកផលិតវាឡើង សម្រាប់ចែកចាយនៅដើមឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ តម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានប្រកាសនោះទេ ហើយវាអាស្រ័យលើការអនុម័តនៅក្នុងប្រទេសជប៉ុន ខណៈក្រុមហ៊ុនផ្ទាល់ ក៏នឹងទទួលបន្ទុកលើការធ្វើតេស្តព្យាបាលនៅក្នុងតំបន់ផងដែរ។ គិតរហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើវ៉ាក់សាំង Pfizer/BioNTech, Moderna និង AstraZeneca ។

វ៉ាក់សាំងនេះមិនដូចជាវ៉ាក់សាំងរបស់ BioNTech/Pfizer, Moderna និង Curevac ដែលជាវ៉ាក់សាំងប្រភេទ mRNA នោះទេ ដោយវ៉ាក់សាំង Novavax ពឹងផ្អែកលើបច្ចេកទេសប្រពៃណីជាង ជាមួយនឹងការប្រើប្រូតេអ៊ីន ដើម្បីបង្កើតប្រតិកម្មការពារពីការឆ្លងជំងឺ COVID-19 ។ នេះមានន័យថា វ៉ាក់សាំងនេះមិនចាំបាច់រក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនោះទេ ដែលវាផ្តល់សក្តានុពល និងមានភាពងាយស្រួលក្នុងការចែកចាយ។ ជម្រាបដែរថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងជំងឺ COVID-19 ដោយផ្អែកលើព្យាបាលសាកល្បងនៅឯអាមេរិកខាងជើង។ ប៉ុន្តែយ៉ាងណា និយតករអាមេរិក និងសហភាពអឺរ៉ុប មិនទាន់ផ្តល់ការវាយតម្លៃអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






