គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសម៉ិកស៊ិក ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បាត់បង់ជីវិត
- BY
- autoadmin
- September 8, 2021
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ ដ៏ខ្លាំងក្លាមួយ បានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក ដែលបណ្ដាលឱ្យមានការខូចខាតមួយចំនួន ហើយយ៉ាងហោចណាស់មានពលរដ្ឋម្នាក់បានស្លាប់។ គ្រោះរញ្ជួយដីនេះបានវាយប្រហារចំងាយ ២០.៩ គីឡូម៉ែត្រ នៅតំបន់ខ្លះនៃភាគពាយ័ព្យក្រុង Acapulco ដែលជារមណីយដ្ឋានឆ្នេរធំបំផុតរបស់ម៉ិកស៊ិក និងជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយវាក៏បានវាយប្រហារទៅរដ្ឋធានី Mexico City ផងដែរ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ដំបូងការរញ្ជួយមានកម្រិត ៧.៤ រ៉ិចទ័រ ហើយក្រោយមកបានធ្លាក់ចុះបន្ដិចនៅត្រឹម ៧.០ រ៉ិចទ័រ ប៉ុន្តែពួកគេរំពឹងថា អាចនឹងមានការខូចខាត ឬការបាត់បង់ជាច្រើនជាងនេះទៀត។ ទោះជាយ៉ាងណាក៏ដោយ លោក Héctor Astudillo ដែលជាអភិបាលរដ្ឋ Guerrero បាននិយាយថា ពុំមានការខូចខាតច្រើននោះទេនៅក្នុងការរញ្ជួយដីនេះ និងមានការដាច់ចរន្តអគ្គិសនីខ្លះ ប៉ុន្តែមានការស្លាប់ ១ ត្រូវបានកត់ត្រានៅក្រុង Coyuca de Benítez ដោយសារមានវត្ថុមួយ បានធ្លាក់លើខ្លួនរបស់គាត់នៅពេលមានការរញ្ជួយដី៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






