ប្រទេសកូរ៉េខាងត្បូងមានបំណងនឹងដកចេញរាល់ការរឹតត្បឹតទប់ស្កាត់ជំងឺកូវីដ១៩ បើទោះជាករណីឆ្លងក្នុងសហគមន៍ថ្មីៗមានការកើនឡើងក៏ដោយ
- BY
- autoadmin
- September 9, 2021
ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងពិចារណាដកការរឹតត្បឹតប្រឆាំងនឹងជំងឺ COVID-19 បើទោះបីជាចំនួនករណីថ្មីនៃជំងឺ COVID-19 កាន់តែកើនឡើងក៏ដោយ។ ទីក្រុងសេអ៊ូលកំពុងព្យាយាមធ្វើឱ្យការផ្ទុះឡើងជាលើកទី៤ នៃជំងឺ COVID-19 និងធំបំផុតរបស់ប្រទេសស្ថិតក្រោមការគ្រប់គ្រង ខណៈការឆ្លងថ្មីក្នុងស្រុកបានកើនឡើងជាង ២,១០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េ (KDCA) ។

ទីក្រុងសេអ៊ូលនៅតែស្ថិតក្រោមការរឹតត្បិតកម្រិត៤ ដែលជាការរឹតត្បឹតដ៏តឹងរឹងដែលប្រទេសនេះកំពុងអនុវត្ត ហើយការប្រមូលផ្តុំមនុស្សចាប់ពី ៥ នាក់ឡើងទៅ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ អាជ្ញាធរក៏បានបារម្ភដែរថា ថ្ងៃបុណ្យ Chuseok Thanksgiving របស់កូរ៉េ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ អាចនឹងធ្វើឱ្យការឆ្លងកាន់តែកើនឡើងបន្ថែមទៀតផងដែរ។
យ៉ាងណាខាងការិយាល័យប្រធានាធិបតីលោក Moon Jae-in ប្រកាសរួចទៅហើយថា ពួកគេនឹងមានគម្រោងដកការរឹតត្បឹតទាំងនេះ នៅពេលដែលពលរដ្ឋបានទៅចាក់វ៉ាក់សាំងគ្រប់គ្នាតាមគោលដៅរបស់រដ្ឋាភិបាល។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់មនុស្សពេញវ័យបាន ៨០% និងគ្រប់ចំនួនដូស ខណៈ ៩០% នៃពលរដ្ឋអាយុលើសពី ៦០ឆ្នាំ ក៏បានទទួលការចាក់វ៉ាក់សាំងបង្ការផងដែរ៕
![]()

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






