លោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេល ៧ខែ ដើម្បីរកដំណោះស្រាយកុំឱ្យប្រទេសទាំង ២ មានជម្លោះដោយអចេតនា
- BY
- autoadmin
- September 10, 2021
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថា បានពិភាក្សាគ្នារកដំណោះស្រាយកុំឱ្យមានការប្រកួតប្រជែងគ្នា ដែលអាចនឹងឈានទៅរកជម្លោះរវាងប្រទេសទាំង ២ ដោយអចេតនា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សេតវិមានបាននិយាយថា លោក បៃដិន និងលោក ស៊ី បានសន្ទនាតាមទូរស័ព្ទអំពីយុទ្ធសាស្រ្តដ៏ទូលំទូលាយ ពាក់ព័ន្ធនឹងតំបន់ដែលពួកគេមានគំនិតដូចគ្នា និងតំបន់ដែលផលប្រយោជន៍ គុណតម្លៃ និងទស្សនៈវិស័យរបស់ពួកគេមានការខ្វែងគំនិតគ្នា។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រធានាធិបតីលោក បៃដិន បានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈររបស់សហរដ្ឋអាមេរិក ចំពោះសន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោក។ ប្រភពបាននិយាយផងដែរថា មេដឹកនាំទាំង ២ បានពិភាក្សាគ្នាអំពី «ទំនួលខុសត្រូវរបស់ប្រជាជាតិទាំង ២ ដើម្បីធានាថា ការប្រកួតប្រជែងមិនឈានចូលទៅក្នុងជម្លោះ»។
លោក ចូ បៃដិន បានពណ៌នាប្រទេសចិនថា ជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ប្រទេសគាត់ ហើយសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ីនជាំង និងសកម្មភាពដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត។ អាមេរិកកំពុងបង្កើនសម្ពាធលើចិនក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






