គុយបាក្លាយជាប្រទេសដំបូងបំផុត ដែលទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារតូចៗដែលមានអាយុរហូតដល់ ២ឆ្នាំ
- BY
- autoadmin
- September 20, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសគុយបាបានក្លាយជាប្រទេសដំបូងគេដំបូងបំផុតក្នុងពិភពលោក ដែលទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ក្មេងៗ ដែលមានអាយុរហូតដល់ ២ឆ្នាំ នៅក្នុងយុទ្ធសាស្ត្រមុនពេលបើកសាលារៀនឡើងវិញរបស់ពួកគេ។ ការពិតទៅការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មិនមែនជាកាតព្វកិច្ចសម្រាប់ពលរដ្ឋនោះទេ ប៉ុន្តែមានពលរដ្ឋគុយបាជាច្រើនបានបញ្ចូនកូនតូចៗរបស់ពួកគេទៅទទួលវ៉ាក់សាំង ហើយលុះត្រាតែទទួលបានវ៉ាក់សាំង ៣ដូស ទើបពួកគេរាប់ចាត់ទុកថា ជាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ។

កាលពីដើមខែកញ្ញាក្រុមមន្រ្តីបាននិយាយថា ពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកុមារតូចៗ ដែលជាផ្នែកមួយនៃផែនការដើម្បីឱ្យជាង ៩០% នៃប្រជាជនរបស់ប្រទេសនេះ មានការការពារ និងអាចបើកព្រំដែនអន្តរជាតិឡើងវិញនៅពាក់កណ្តាលខែវិច្ឆិកា។ អនុរដ្ឋមន្រ្តីក្រសួងអប់រំលោក Eugenio GonzálezPérez បាននិយាយថា វាមិនទំនងទេដែលពួកគេអាចចាប់ផ្តើមសាលារៀនឡើងវិញ ដោយគ្មានការចាក់វ៉ាក់សាំងបង្ការដល់ក្មេងៗ ហើយពួកគេមានវ៉ាក់សាំងដែលជារបស់ខ្លួនបានគ្រប់គ្រាន់ សម្រាប់គម្រោងនៅមុនពេលបើកសាលារៀនមួយនេះ។
គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ប្រទេសគុយបាបានផ្តល់ការយល់ព្រមចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតក្នុងស្រុកចំនួន ៣ ដែលរួមមានទាំងវ៉ាក់សាំង ៣ដូស Abdala ដែលក្រុមអ្នកវិទ្យាសាស្ត្រគុយបាបាននិយាយថា ពួកវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






