អន្តរជាតិ

ភ្នំភ្លើង Cumbre Vieja នៅលើបណ្ដំកោះកាណារីរបស់ប្រទេសអេស្ប៉ាញ បានផ្ទុះឡើងវិញជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ

BY
autoadmin
September 20, 2021

ភ្នំភ្លើងមួយនៅលើបណ្ដំកោះកាណារីរបស់អេស្ប៉ាញ នៅឯមហាសមុទ្រអាត្លង់ទិក បានផ្ទុះជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ ដែលបណ្ដាឱ្យអ្នកស្រុកនៅទីនោះត្រូវបង្ខំចិត្តជម្លៀសចេញភ្លាមៗ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បាននិយាយថា ភ្នំភ្លើង Cumbre Vieja នៅភាគខាងត្បូងនៃកោះ La Palma បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ហើយរូបភាពនៃភ្នំភ្លើងត្រូវបានបង្ហោះព្រោងព្រាតពេញអ៊ីនធឺណេត ដោយមានកម្អែភ្នំភ្លើងហូរចុះមកក្រោម និងគ្របទៅលើផ្លូវ។

ប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងបានជម្លៀសចេញរួចហើយ ដើម្បីឆ្លើយតបទៅនឹងសញ្ញារញ្ជួយ ដែលបានកើតឡើងមុនពេលការផ្ទុះភ្នំភ្លើង។ ប៉ុន្តែពេលនេះអាជ្ញាធរកំពុងដាស់តឿនប្រជាជនដែលរស់នៅតំបន់ក្បែរៗ ឱ្យចេញគេចតាមដែលអាចធ្វើបាន ព្រោះកម្អែភ្នំភ្លើងបានហុយចេញពីស្នាមប្រេះជាច្រើនរបស់ភ្នំភ្លើង។ វិទ្យាស្ថានភ្នំភ្លើងកោះកាណារី បានរាយការណ៍ថា ពួកគេបានឃើញកម្អែភ្នំភ្លើងហូរចេញពីស្នាមប្រេះចំនួន ៧កន្លែង ហើយក៏បានបង្ហោះរូបភាព និងព័ត៌មានលម្អិតនៅលើគណនី Twitter របស់ខ្លួន ដើម្បីអំពាវនាវកុំឱ្យមនុស្សចូលទៅជិតកន្លែងផ្ទុះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: