ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមសម្រេចទិញវ៉ាក់សាំង Abdala ផលិតនៅគុយបាចំនួន ១០លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន

    BY Pheakdey September 21, 2021
    វៀតណាមសម្រេចទិញវ៉ាក់សាំង Abdala ផលិតនៅគុយបាចំនួន ១០លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន

    វៀតណាម៖ កាលពីថ្ងៃចន្ទ ទី ២០ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមនិងប្រទេសគុយបាបានចុះកិច្ចព្រមព្រៀងជាផ្លូវការមួយអំពីការបញ្ជាទិញវ៉ាក់ាសាំងបង្ការជំងឺកូវីដ ១៩ ដោយវៀតណាមបានយល់ព្រមទិញវ៉ាក់សាំង Abdala ដែលផលិតនៅក្នុងប្រទេសគុយបាចំនួន ១០ លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទៅធ្វើទស្សនៈកិច្ចផ្លូវរដ្ឋនៅលើទឹកដីនៃប្រទេសគុយបាផងដែរ។

    គួរម្លឹកថា វៀតណាមគឺជាប្រទេសដំបូងគេបង្អស់ដែលប្រកាសទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង Abdala របស់គុយបា​ ខណៈពេលនេះប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងចាប់អារម្មណ៍ចង់ទិញវ៉ាក់សាំងប្រភេទនេះយកទៅប្រើប្រាស់ផងដែរ។ ប្រទេសវ៉េណេស៊ុយអេឡាបានប្រកាសរួចហើយថា នឹងទិញវ៉ាក់សាំង Abdala ចំនួន ១២ លានដូសយកទៅប្រើប្រាស់ តែកិច្ចព្រមព្រៀងផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ។ ដោយឡែកសម្រាប់ប្រទេសអាហ្សង់ទីននិងម៊ិចស៊ីកូវិញក៏សុទ្ធតែបានបង្ហាញនូវគម្រោងចង់ទិញវ៉ាក់សាំង Abdala យកទៅប្រើប្រាស់ផងដែរ តែប្រទេសទាំង ២ នេះនៅមិនទាន់បញ្ជាក់ថាទិញក្នុងចំនួនប៉ុន្មាននិងទិញពេលណាឲ្យប្រាកដនោះទេ៕

    អត្ថបទ៖ ភក្តីប្រភព៖ Channel News Asia

    Share This Post: