សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ចំនួនដូស ចូលមកកាន់ប្រទេសខ្លួនបានចាប់ពីខែវិច្ឆិកានេះ
- BY
- autoadmin
- September 21, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបើកទ្វារឱ្យអ្នកធ្វើដំណើរតាមដែនអាកាសមកពីប្រទេស និងដែនដីចំនួន ៣៣ រួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុប ចូលមកកាន់ប្រទេសរបស់ខ្លួនបាន នៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្រាប់អ្នកដំណើរណាដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ។ ប្រភពពីសេតវិមានកាលពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញា នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការបន្ធូរបន្ថយជាបន្ដបន្ទាប់រាល់ការរឹតត្បឹតកម្រិតខ្ពស់ ដែលធ្លាប់ដាក់ឡើងតាំងតែពីដើមឆ្នាំមុន។

សហរដ្ឋអាមេរិកមានការយឺតយ៉ាវជាងប្រទេសជាច្រើនទៀត នៅក្នុងការដកការរឹតបន្តឹងដែលដាក់ឡើង ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ហើយសម្ព័ន្ធមិត្តរបស់អាមេរិក បានស្វាគមន៍យ៉ាងខ្លាំងចំពោះចំណាត់ការនេះ។ ជម្រាបដែរថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក បានរារាំងអ្នកដំណើរមកពីតំបន់ភាគច្រើននៃពិភពលោក រួមទាំងជនជាតិបរទេសរាប់ម៉ឺននាក់ ដែលមានសាច់ញាតិ ឬទំនាក់ទំនងអាជីវកម្មនៅសហរដ្ឋអាមេរិក។
ការប្រកាសនេះនឹងអនុញ្ញាតឱ្យអ្នកដំណើរតាមអាកាស ដែលបានចាក់វ៉ាក់សាំងពេញលេញពី ២៦ ប្រទេស ដូចជាប្រទេសនៅតំបន់ Schengen ដែលរួមមាន៖ បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ស្វីស និងក្រិក ព្រមទាំងអ្នកដទៃទៀតដូចជា៖ អង់គ្លេស អៀរឡង់ ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល។ យ៉ាងណាក៏ដោយគេនៅមិនច្បាស់ទេថា សហរដ្ឋអាមេរិកនឹងធ្វើការបន្ធូរបន្ថយបែបណា ប៉ុន្តែអ្នកដែលចូលមកនឹងត្រូវមានការធ្វើតេស្ដរកជំងឺ COVID-19 ក៏ដូចជាប្រើប្រាស់ App តាមដានទីតាំងមានហានិភ័យពីជំងឺ COVID-19 ផ្សេងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






