អន្តរជាតិ

ទីក្រុងមួយរបស់ប្រទេសចិនបានឈានដល់ការបិទខ្ទប់សារជាថ្មី បន្ទាប់ពីបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ

BY
autoadmin
September 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីក្រុង Harbin ភាគពាយ័ព្យប្រទេសចិន ដែលមានប្រជាជនប្រមាណ ១០ លាននាក់ បានឈានដល់ការបិទខ្ទប់ទីក្រុងម្ដងទៀត បន្ទាប់ពីបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ជាលើកដំបូងបំផុត ចាប់តាំងពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ គណៈកម្មការសុខភាពជាតិបាននិយាយនៅថ្ងៃពុធនេះថា ករណីក្នុងស្រុកថ្មីចំនួន ៣ ក្នុងចំណោម ១៦ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសចិនសម្រាប់ថ្ងៃអង្គារ គឺត្រូវបានរកឃើញនៅក្រុង Harbin ខេត្តហៃឡុងជាំងនេះផ្ទាល់។

ទីក្រុង Harbin ដែលតំបន់ត្រជាក់បំផុតមួយនៅប្រទេសចិនអំឡុងពេលរដូវរងា បានប្រកាសភ្លាមៗឱ្យប្រជាជនរបស់ខ្លួនកុំចាកចេញពីទីក្រុង លុះត្រាតែមានហេតុផលចាំបាច់ប៉ុណ្ណោះ។ ចំណែកឯទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា កន្លែងបិទជិតដូចជា៖ រោងកុន កន្លែងហាត់ប្រាណ និងកន្លែងលេងម៉ាចុងត្រូវបានបិទទ្វារ ហើយកន្លែងទេសចរណ៍ត្រូវបានបញ្ជាឱ្យដាក់កំហិតចរាចរណ៍អ្នកទេសចរ មកនៅត្រឹមពាក់កណ្តាលនៃចំនួនធម្មតាវិញ។ ទូរទស្សន៍រដ្ឋក៏បាននិយាយនៅល្ងាចថ្ងៃអង្គារនេះដែរថា ទីក្រុង Harbin ក៏នឹងផ្អាកថ្នាក់រៀនសម្រាប់សាលាមត្តេយ្យ សាលាបឋមសិក្សា និងវិទ្យាល័យ រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃពុធនេះតទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: