ថៃគ្រោងដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដនៅតាមហាងលក់ទំនិញទូទៅដើម្បីផ្តល់ភាពងាយស្រួលឲ្យពលរដ្ឋទិញយកទៅធ្វើតេស្តនៅផ្ទះដោយខ្លួនឯង
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងអនុញ្ញាតឲ្យមានការដាក់លក់នូវឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ នៅគ្រប់ហាងលក់ទំនិញទូទៅ ដើម្បីផ្តល់ភាពស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញយកឧបករណ៍នេះទៅធ្វើតេស្តនៅផ្ទះដោយខ្លួនឯង។ គួរបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះការស្វែងរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ពោលគឺគេអាចរកទិញបានតែនៅក្នុងមន្ទីរពេទ្យឬឱសថស្ថានធំៗប៉ុណ្ណោះ។ ចំពោះការដាក់លក់ទៀតសោធគឺភាគច្រើនគេតែងដាក់លក់ឧបរកណ៍ធ្វើតេស្តជាកញ្ចប់ដែលមានចំនួនច្រើនៗ ខណៈការលក់រាយគឺមិនសូវមាននោះទេ។

លោក Thongchai Keeratihattayakorn ដែលជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈថៃបានឲ្យដឹងថា សំណើសុំការអនុញ្ញាតខាងលើនេះត្រូវបានបញ្ជូនទៅដល់គណៈកម្មការគ្រប់គ្រងសម្ភារៈបរិក្ខាពេទ្យហើយ ខណៈគេរំពឹងថាការអនុម័តជាផ្លូវការអាចនឹងកើតមាននៅត្រឹមចុងខែកញ្ញានេះផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅពេលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ត្រូវបានដាក់លក់តាមហាងលក់ទំនិញទូទៅនោះគឺវានឹងផ្តល់ភាពងាយស្រួលមែនទែនសម្រាប់ប្រជាពលរដ្ឋ ដោយពួកគេអាចរកទិញឧបករណ៍ធ្វើតេស្តបានយ៉ាងឆាប់រហ័សក្រោយសង្ស័យថាបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩ ហើយម្យ៉ាងទៀតពួកគេក៏អាចទិញជាទំនិញរាយបានផងដែរ ពោលគឺអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ តាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា គិតត្រឹមពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩ ចំនួន ៦,៧លានគ្រឿង ត្រូវគេចែកចាយនៅទូទាំងប្រទេសថៃរួចហើយ ខណៈអាជ្ញាធរក៏កំពុងព្យាយាមចែកចាយឧបរកណ៍នេះឲ្យបានកាន់តែច្រើនជាងនេះទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍