សាលារៀននៅទីក្រុងបាងកកអាចនឹងបើកទ្វារឡើងវិញនៅខែវិច្ឆិកា ខណៈប្រទេសថៃកំពុងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់សិស្សសាលារបស់ខ្លួន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world បានរាយការណ៍ថា សាលារៀននៅក្នុងទីក្រុងបាងកកអាចនឹងបើកដំណើរការឡើងវិញនៅខែវិច្ឆិកា ខណៈពួកគេកំពុងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅតាមសាលារៀន ហើយសិស្សដែលមានជំងឺប្រចាំកាយនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការមុនគេ ដែលភាគច្រើនគឺចាក់វ៉ាក់សាំង Pfizer។ រដ្ឋបាលក្រុងបាងកក (BMA) បានផ្តល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃកាលពីម្សិលមិញនេះ ដល់សិស្សចំនួន ១,៥០០ នាក់ ដែលមានអាយុចន្លោះពី ១២-១៨ ឆ្នាំ ដែលមានជំងឺជាប់ខ្លួនណាមួយ នៅក្នុងចំណោមជំងឺទាំង ៧ ដែលពួកគេគិតថា មានហានិភ័យខ្ពស់ជាមួយជំងឺ COVID-19 ដោយមានការត្រួតពិនិត្យដោយមន្ទីរពេទ្យ Vajira ផងដែរ។

វ៉ាក់សាំង Pfizer ដែលកំពុងត្រូវបានប្រើប្រាស់ គឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ១.៥ លានដូស ដែលបានបរិច្ចាគដោយសហរដ្ឋអាមេរិក និងចែកចាយដោយនាយកដ្ឋានត្រួតពិនិត្យជំងឺទៅ BMA។ ក្នុងចំណោមសិស្សទាំង ១,៥០០ នាក់ មានសិស្សចំនួន ៧០០ នាក់ នឹងត្រូវទទួលបានដូសដំបូង ហើយអ្នកដែលនៅសល់នឹងទទួលបានដូសទី២ របស់ពួកគេ ដោយសារពួកគេបានទទួលដូសដំបូងនៅថ្ងៃទី២៧ ខែសីហា ម្ដងរួចហើយ។ សិស្សដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺបេះដូង និងសរសៃឈាម, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺស្ទះសរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមខួរក្បាល, មហារីក និងកម្រិតអង្គបដិប្រាណទាប, ធាត់ និងទឹកនោមផ្អែម ក៏ដូចជារោគសញ្ញាចុះខ្សោយ និងបញ្ហាផ្សេងៗ សុទ្ធតែត្រូវបានរាប់ចូលក្នុងចំណោមអ្នកមានអាទិភាពទទួលបានវ៉ាក់សាំងមុនគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world