រដ្ឋបាលចំណីអាហារនិងឱសថរបស់ប្រទេសថៃ កំពុងពិចារណាផ្ដល់ការយល់ព្រមឱ្យមានការប្រើប្រាស់វ៉ាក់សាំង Sinopharm លើកុមារអាយុចាប់ពី ៣ឆ្នាំ
- BY
- autoadmin
- September 23, 2021
រដ្ឋបាលចំណីអាហារនិងឱសថថៃ (TFDA) បាននិយាយថា ខ្លួនកំពុងពិចារណាលើការយល់ព្រមចំពោះវ៉ាក់សាំង Sinopharm របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់លើកុមារអាយុចាប់ពី ៣ ឆ្នាំនោះទេ ខណៈខ្លួនរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងជាមុនសិន។ អគ្គលេខាធិការ TFDA លោកវេជ្ជបណ្ឌិត Paisal Dunkhum បាននិយាយថា TFDA មិនបានបដិសេធការប្រើវ៉ាក់សាំង Sinopharm ចំពោះកុមារតូចៗទេ ប៉ុន្តែពួកគេកំពុងធ្វើឱ្យប្រាកដថា វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព មុនពេលមានការយល់ព្រម។ ជម្រាបដែរថា បច្ចុប្បន្ននេះ TFDA បានយល់ព្រមលើវ៉ាក់សាំង mRNA ចំនួន ២ រួចទៅហើយ គឺ Pfizer និង Moderna សម្រាប់កម្មវិធីវ៉ាក់សាំងបង្ការជាតិសម្រាប់កុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានធានាដល់សាធារណជនថា វ៉ាក់សាំង Pfizer គឺមានសុវត្ថិភាពសម្រាប់ក្មេងអាយុ ១២-១៧ ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលមិនបានចាត់ទុកថាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ក្មេងៗ គឺជាកាតព្វកិច្ចរបស់ឪពុកម្ដាយមុនពេលក្មេងៗអាចត្រឡប់ទៅសាលារៀនវិញទេ ពោលគឺក្មេងៗអាចទទួលបានការចាក់វ៉ាក់សាំងបាន ប្រសិនបើមានការគាំទ្រពីអាណាព្យាបាលរបស់ពួកគេ។ លោកបាននិយាយថា វ៉ាក់សាំង Pfizer ចំនួន ៣០ លានដូស នឹងមកដល់ប្រទេសថៃនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ។
សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ លោករដ្ឋមន្ត្រីបាននិយាយថា វាត្រូវការរង់ចាំការយល់ព្រមពី TFDA ជាមុនសិន ពាក់ព័ន្ធនឹងសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ លោកក៏រំពឹងថា នៅចុងខែតុលានេះនឹងមានវ៉ាក់សាំងជិត ៦០ លានដូស សម្រាប់ចែកជូនទៅទូទាំងប្រទេសថៃ ហើយក្រុមគោលដៅទាំងអស់នឹងត្រូវចាក់ថ្នាំបង្ការនៅចុងឆ្នាំនេះ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃទើបតែបានចែកចូនវ៉ាក់សាំងបាន ៤៦ លានដូសប៉ុណ្ណោះ ខណៈការចាក់ថ្នាំបង្ការលើកទី៣ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងទាំង ២ដូស របស់ Sinovac នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post:






